ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំពូលបើកសវនាការរឿងអតីតយោធាសម្លាប់កូនពីរនាក់ព្រោះខឹងប្រពន្ធសុំលែង ថ្ងៃ២៥ វិច្ឆិកា

ចែករំលែក៖

ភ្នំពេញៈ មន្ត្រីតុលាការកំពូលមួយរូប ថ្លែងថា សំណុំរឿងអតីតវរសេនីយ៍ទោយោធាផ្នែករដ្ឋបាលក្នុងអង្គភាពកងវិស្វកម្ម សម្លាប់កូនប្រុសអាយុ៦ឆ្នាំនិងម្នាក់ទៀតអាយុ៣ឆ្នាំ ព្រោះខឹងប្រពន្ធសុំលែងលះ បានដំណើរការនីតិវិធីដល់តុលាការកំពូលហើយ ។

យោងតាមដីកាតុលាការកំពូល បង្ហាញថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការសំណុំរឿងនេះ ដោយមានលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ជុំ សំបាន ជាតំណាងមហាអយ្យការ ព្រមទាំងលោក ថាន ថាវរៈ ជាមេធាវីការពារក្ដីជនជាប់ចោទ ។
គួររំលឹកថាអតីតវរសេនីយ៍ទោយោធាផ្នែករដ្ឋបាលក្នុងអង្គភាពកងវិស្វកម្ម ឈ្មោះ កែវ ឡាដាំង សារភាពចំពោះមុខចៅក្រមសាលាឧទ្ធរណ៍ ថា ពិតជាបានសម្លាប់កូនប្រុសអាយុ៦ឆ្នាំនិងម្នាក់ទៀតអាយុ៣ឆ្នាំ ប្រាកដមែន ។ ការសម្លាប់នេះ ព្រោះខឹងប្រពន្ធសុំលែងលះ ដែលគាត់នឹងសម្លាប់ខ្លួនតាមក្រោយ តែត្រូវនគរបាលរារាំងទាន់ពេល ។ ក្នុងសវនាការ ជនជាប់ចោទស្នើឱ្យមានការបន្ធូរបន្ថយទោសក្រោម២០ឆ្នាំ ដែលតុលាការថ្នាក់ក្រោមបានសម្រេច តែចៅក្រមយល់ឃើញថា ដាក់គុកមួយជីវិតទើបសម ។

ជនជាប់ចោទឈ្មោះ កែវ ឡាដាំង អាយុ៤១ឆ្នាំ បាននិយាយក្នុងសវនាការសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅថា មូលហេតុគាត់សម្លាប់កូន ព្រោះខឹងប្រពន្ធលែងលះគាត់។ ដូច្នេះគាត់គិតសម្លាប់ខ្លួនតាមក្រោយ តែគាត់នឹងសម្លាប់កូនជាមុន សិនព្រោះកូនៗស្រឡាញ់គាត់ណាស់ តែគាត់មិនស្លាប់។

ក្រោយការលើកឡើងរបស់ជនជាប់ចោទ ចៅក្រមសាលាឧទ្ធរណ៍ លោកស្រី ចាន់ ម៉ាឌីណា បាននិយាយថា «បើអ្នកចង់សម្លាប់ខ្លួនឯង ហេតុអ្វីសម្លាប់កូនទៅវិញ មិនទុកឲ្យគ្នាបានឃើញពន្លឺព្រះអាទិត្យផង? អ្នកសុំឲ្យតុលាការបន្ថយទោស ប៉ុន្តែអ្នកថាស្រឡាញ់កូន បើអ្នកគិតថា ស្រឡាញ់កូនមែន គួរតែជាប់គុកមួយជីវិតទើបសម»។

ហេតុការណ៍សម្លាប់កូនខ្លួនឯងដ៏សាហាវនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ នៅក្នុងផ្ទះល្វែងមួយតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោក អ៊ីន គីម មេធាវីការពារជនជាប់ចោទសន្និដ្ឋានថា កូនក្តីរបស់លោកបានបាត់បង់វិចារណញ្ញាណ ដោយសារខឹងប្រពន្ធលែងលះគាត់កើតរោគចិត្ត។ ជំងឺនេះគាត់គិតតែចង់សម្លាប់ខ្លួនប៉ុណ្ណោះ។ លោកបន្តថា កូនក្តីគ្មានចេតនាណាសម្លាប់កូនទេ ដូច្នេះខ្ញុំសូមក្រុមប្រឹក្សាជំនុំជម្រះមេត្តាបន្ថយទោសគាត់។

ប៉ុន្តែទីបំផុត សាលាឧទ្ធរណ៍តម្កល់ទោសនេះទុកជាបានការដដែល ទើបរឿងនេះឈានដល់តុលាការកំពូល ៕ ចេស្តា

1s a3


ចែករំលែក៖