ភ្នំពេញ ៖ បុរសជនជាតិអាមេរិកម្នាក់បានដេកស្លាប់ក្នុងផ្ទះសំណាក់ ហើយត្រូវបានគេសង្ស័យថា ប្រើប្រាស់គ្រឿងញៀជ្រុលរហូតគាំងបេះដូង ហើយបង្កឲ្យបានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០១៦ ចំណុចផ្ទះសំណាក់ EIHTY8 ផ្ទះលេខ96+98 បន្ទប់លេខ៨ ជាន់ទី១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបញ្ជាក់ថា សពឈ្មោះ CHRISTENSEN JORDAN CALEB ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអាមេរិក មុខរបរទេសចរណ៍ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីបុគ្គលិកបោសសំអាតបន្ទប់ បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជាសព បានមកជួលសណ្ឋាគារស្នាក់នៅ លុះដល់ថ្ងៃកើតហេតុទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គាត់បានឡើងទៅគោះទ្វារបន្ទប់ជនរងគ្រោះដើម្បីបោសសំអាត តែមិនលឺជនរងគ្រោះឆ្លើយតប ក៏ចុះទៅក្រោមវិញរហូតដល់វេលាម៉ោង៦និង៣០នាទីល្ងាច ក៏គាត់ឡើងទៅគោះទ្វាជនរងគ្រោះម្តងទៀតនៅតែមិនឆ្លើយតប រួច ក៏យកកូនសោមកចាក់បើកទ្វារមើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ ។ បន្ទាប់មកក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យផងដែរ ។
ដោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញនិងសមត្ថកិច្ចជំនាញបានបញ្ជាក់ថាបុរសរងគ្រោះពិតជាស្លាប់ដោយសារការប្រើប្រាស់សារធាតុញៀនប្រភេទម៉ក់ហ្វីនិងមេតំហ្វីតាមីន ហួសកំរិតទើបបណ្ដាលឲ្យគាំងបេះដូងស្លាប់តែម្តង ៕ ស ដារ៉ា