ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញថ្នាក់ដឹកនាំ មន្ត្រីរាជរដ្ឋាភិបាល មន្ត្រីអង្គទូត និស្សិត សិស្សានុសិស្សនិងអ្នកសារព័ត៌មានជាតិ.អន្តរជាតិចូលរួមទស្សនាតាមដានការប្រកាសលទ្ធផលតាមកញ្ចក់ទូរទស្សន៍នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាក្បែរវត្តភ្នំ។
ជាលទ្ធផលគឺលោក ដូណាល់ ត្រាំ ជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋជាប់ជាប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកអាណត្តិទី៤៥។ ជាមួយនឹងលទ្ធផលនេះមន្ត្រីអ្នកនាំពាក្យប្រចាំស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានលើកឡើងថា បេក្ខភាពណាឈ្នះឆ្នោត ក៏ទំនាក់ទំនងកម្ពុជាអាមរិកនៅតែបន្តនឹងពង្រីកកាន់តែរឹងមាំ។
មានប្រសាសន៍មកកាន់អ្នកសារព័ត៌មានលោកជ័យ រ៉ាម៉ុន( Jay Raman) អ្នកនាំពាក្សស្ថានទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ទោះជាបេក្ខភាពលោក ដូណាល់ ត្រាំ ឬ ក៏អ្នកស្រី ហ៊ីឡារី គ្លីនតុន ជាប់ឆ្នោតក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកនៅតែត្រូវបានបន្តយ៉ាងស្អិតរមួតនិងពង្រីកកាន់តែរឹងមាំថែមទៀត។
លោកជ័យ រ៉ាម៉ុន ( Jay Raman)បានមានប្រសាសន៍ថា “ចំណុចសំខាន់របស់យើងនៅពេលនេះ គឺធ្វើយ៉ាងណាឱ្យការងារនៅស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាប្រព្រឹត្តិទៅបានល្អរហូតដល់ចប់អាណត្តិរបស់លោកបារ៉ាក់ អូបាម៉ា គឺថ្ងៃទី២០ខែមករា ឆ្នាំ២០១៧ខាងមុខនេះ”។
អ្នកនាំពាក្យដដែលនេះបានបញ្ជាក់ថា បន្ទាប់ពីអាណត្តិរបស់លោកបារ៉ាក់ អូបាម៉ា ត្រូវបានបញ្ចប់ប្រធានាធិបតីថ្មីនឹងកំណត់នូវទិសដៅក្នុងការដឹកនាំក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំង២កម្ពុជា អាមេរិកបែបណានោះ។ ប៉ុន្តែយ៉ាងណាទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំង២ ក៏ដូចជាទំនាក់ទំនងដ៏ល្អរវាងប្រជាជននៃប្រទេសទាំង២ នៅតែបន្តទៅមុខឥតឈប់ឈរ ហើយរឹងមាំខ្លាំងឡើងថែមទៀតផង៕ស តារា