ប្រទេសកូរ៉េ៖ លោកហ៊ុន ម៉ាណែត និងគណៈប្រតិភូត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅខណៈដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាជិកសភាជាតិនៃសាធារណរដ្ឋកូរ៉េ លោកស្រី Park Soon Ja និងលោក Baek Seung Ju និង ជួបជាមួយប្រធានសហព័ន្ធនិយោជកធុនតូចនិងមធ្យម ប្រធានធនាគារ KB និង ប្រធានក្រុមហ៊ុនសំណង់បូយុង។
លោក ហ៊ុន ម៉ាណែត បានជម្រាបជូន សមាជិកសភានិងភ្ញៀវដទៃទៀតអំពីប្រវត្តិ នៃទំនាក់ទំនងការទូតល្អរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ ដែលបានចាប់ផ្តើមឡើង វិញនៅឆ្នាំ១៩៩៧ ខណៈដែលសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញមកធ្វើទស្សនកិច្ចប្រទេសកូរ៉េនិងបានបន្តទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរចាប់ពីពេលនោះមក។ នៅក្នុងឱកាស នោះដែរលោកហ៊ុន ម៉ាណែត បានស្នើ សុំលោកស្រីសមាជិកសភាជួយ សម្រប សម្រួលកិច្ចការសំខាន់ៗ រួមមានការស្នើសុំសិក្សាលទ្ធភាពបន្ថែមអំពីការបង្កើនកូតាជ្រើសរើសពលករខ្មែរមកធ្វើការនៅប្រទេសកូរ៉េឱ្យបានច្រើននិងស្នើឱ្យមានការលើកទឹកចិត្តនិយោជកកូរ៉េជ្រើសរើសនិងទទួលយកពលករខ្មែរដែលមានស្រាប់បន្ថែម ទៀត។ លើសពីនេះលោកបានស្នើឱ្យភាគី កូរ៉េសិក្សាក្នុងការបង្កើតមជ្ឈមណ្ឌលគាំពារពលករខ្មែរស្ត្រីខ្មែររៀបការជាមួយជនជាតិកូរ៉េនិងពិនិត្យលទ្ធភាពស្វែងរកដីមួយកន្លែងដើម្បីបង្កើតវត្តមួយនៅក្នុងប្រទេសកូរ៉េផងដែរ។
ទាក់ទងនឹងវិស័យពាណិជ្ជកម្មវិញលោក ហ៊ុន ម៉ាណែត បានជម្រាបជូនភ្ញៀវពីឱកាស និងកត្តាអំណោយផលល្អជាច្រើនក្នុងការវិនិយោគនៅកម្ពុជា និងស្នើសុំលោកស្រី សមាជិកសភាជំរុញឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែម និងលើកទឹកចិត្តអ្នកវិនិយោគបង្កើនការវិនិយោគរបស់កូរ៉េនៅកម្ពុជា បន្ថែមទៀត។ លោកបានស្នើសុំឲ្យសមាជិក សភាពិនិត្យលទ្ធភាពអញ្ជើញទៅទស្សន កិច្ចនៅប្រទេសកម្ពុជានៅក្នុងពេលវេលាសមស្របផងដែរ។
សមាជិកសភាជាតិនៃសាធារណរដ្ឋ កូរ៉េ លោកស្រី Park Soon Ja និងលោក Baek Seung Ju ប្រធានសហព័ន្ធអ្នកវិនិយោគធុនតូចនិងមធ្យមនិងប្រធានធនា គារ KB បានសម្តែងនូវសុទិដ្ឋិនិយមដោយកោតសរសើរចំពោះទំនាក់ទំនងការទូតនិង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះដោយបានផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួនដូចជា សេដ្ឋកិច្ច វប្បធម៌ ការងារ និងវិស័យផ្សេងៗ ទៀត។ ភាគីកូរ៉េបានទទួលយកសំណើ របស់ភាគីកម្ពុជាហើយសិក្សាពីលទ្ធភាព ក្នុងសម្របសម្រួលកិច្ចការទាំងនេះឱ្យមានលទ្ធផលជាវិជ្ជមានបន្ថែមទៀត។ លើសពី នេះសមាជិកសភាជាតិនៃសាធារណរដ្ឋ កូរ៉េបានយល់ឃើញថាប្រទេសកម្ពុជាគឺជាអាណាចក្រមួយដ៏រុងរឿងនៅសម័យអង្គរ ហើយសង្ឃឹមថា ប្រទេសមួយនេះនឹងរីកចម្រើនដូចនៅសម័យដើមហើយសង្ឃឹមថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយនឹងធ្វើឲ្យទំនាក់ទំនងដ៏ល្អប្រសើរមួយនេះកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរក្នុងការទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យ កាន់តែល្អថែមទៀតនិងសកម្មទៅលើវិស័យផ្សេងៗរួមមានវិស័យសេដ្ឋកិច្ច វប្បធម៌ រដ្ឋបាល ជាពិសេសគឺការបញ្ជូនពលករខ្មែរមកធ្វើការនៅប្រទេសកូរ៉េនិងការវិនិយោករបស់ជនជាតិកូរ៉េនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូដែលមានមន្ត្រី ជំនាញមកពីក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈក្រសួងយុត្តិធម៌ នាយកដ្ឋានអន្តោប្រវេសន៍រួមទាំងឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រកម្ពុជាបំពេញបេសកកម្ម នៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បី តាមដាននិងសួរសុខទុក្ខនិងដោះស្រាយ នូវតម្រូវការសំខាន់ៗរបស់បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរនៅទីនោះនិងដើម្បី សម្តែងការគួរសមនិងពិភាក្សាការងារជាមួយសមាជិកសភា មន្រ្តីរដ្ឋាភិបាល អ្នកវិនិយោគ និងមន្ត្រីសំខាន់មួយចំនួនទៀត៕ ហេង សូរិយា