ព័ត៌មានទាន់ហេតុការណ៍៖

សាលាក្រុងចំណាយជាង១០ម៉ឺនដុល្លារធ្វើរោងសម្រាប់ កីឡាករទូក ស្នាក់នៅ

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃ១០ វិចិ្ឆកា ថា ៖ ទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារអាម៉េរិក ត្រូវបាន ចំណាយទៅលើការធ្វើរោងស្នាក់នៅសម្រាប់កីឡាករទូកដែលមកពីតាមបណ្តាខេត្ត ក្នុងពេលអំឡុង ពិធីបុណ្យអុំទូក។

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។

ពិធីបុណ្យប្រពៃណីជាតិឆ្នាំនេះ មានទូកសរុប២៥៦ទូក និងមានកីឡាករចំណុះទូកសរុប១៧.០០០នាក់ ចូលរួមប្រកួតប្រណាំងយកជ័យលាភី។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ ទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារអាម៉េរិក ត្រូវបានចំណាយទៅលើការធ្វើរោងស្នាក់នៅសម្រាប់កីឡាករទូកដែលមកពីតាមបណ្តាខេត្ត។ រោងស្នាក់នៅសម្រាប់កីឡាករទូកទាំងអស់ គឺស្ថិតនៅលើដីរបស់ក្រុមហ៊ុន OCICរបស់លោកឧកញ៉ា ពុង ខៀវសែ នាខណ្ឌជ្រោយចង្វារ។ មិនមាន រោងស្នាក់នៅរបស់កីឡាករទូកណាមួយត្រូវបានអនុញ្ញាតឲ្យធ្វើនៅកន្លែងផ្សេងក្រៅពីទីតាំងនេះឡើយ រាប់ទាំងចំណុះទូករបស់រាជធានីភ្នំពេញចំនួន៤៥ទូក។

អាជ្ញាធរ រាជធានីភ្នំពេញ បានព្យាករណ៍ថា នឹងមានមនុស្សប្រមាណជាង២លាននាក់ មកពីបណ្តាខេត្តចូលរួមកម្សាន្តនៅភ្នំពេញ ក្នុងអំឡុងពេលពិធីបុណ្យនេះ។

កងកម្លាំងសមត្ថកិច្ចចម្រុះចំនួន១០០៣២ម៉ឺននាក់ ត្រូវបានចាត់ត្រៀមការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ ជាមួយគ្នានេះ ក៏មានក្រុមគ្រូពេទ្យជិត៩០០នាក់ និងរថយន្តសង្គ្រោះ១៥គ្រឿង ត្រៀមចាំជួយសង្គ្រោះប្រជាពលរដ្ឋដែលចូលរួមក្នុងព្រះរាជពិធីនេះផងដែរ ៕ សំរិត

image1 image2 image3


ចែករំលែក៖