ព័ត៌មានទាន់ហេតុការណ៍៖

ទាហានផ្កាយ២ម្នាក់ត្រូវរថយន្តដឹកស្វាយបើកកៀរបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្ដកិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាទាហានផ្កាយ២ នាយឧត្តមសេនីយ៍ទោភូមិភាគ៥ បានជិះម៉ូតូមួយគ្រឿង ហើយត្រូវរថយន្ដដឹកស្វាយមួយគ្រឿងទៀត បើកកៀរពីក្រោយបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្ដអូសប្រហែល២០ម៉ែត្រ ហើយស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារឯករាជ្យ៣ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមានឈ្មោះ ប៉ុក បុល ភេទប្រុសអាយុ៦០ឆ្នាំ មុខរបរធ្វើទាហានផ្កាយ២ ឧត្តមសេនីយ៍ទោ ភូមិភាគ៥ ត្រូវបានរថយន្តដឹកស្វាយពីខេត្តកំពង់ស្ពឺកៀរចូលក្រោមឡានហើយកិនស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយជនរងគ្រោះជិះ ម៉ូតូមួយគ្រឿងម៉ាក Scopy ស្លាកលេខ ភ្នំពេញ 1BI-1422 ចំណែកជនបង្កបើករថយន្តកុងទីន័រ ស្លាកលេខ ព្រះសីហនុ 3A-3662 ហើយក្រោយកើតហេតុបានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលគេឃើញរថយន្តហ៊ីយ៉ានដាយមួយគ្រឿងពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3662 បើកតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មមខណៈមកដល់ចំណុចកើតហេតុខាងលើបានកៀរម៉ូតូ ម៉ាក Scoopy ពណ៍ ស ពាក់ស្លាក ភ្នំពេញ ១BI-១៤២២ ធ្វើដំណើរស្របទិសគ្នាបណ្ដាលឲ្យជនរងគ្រោះដួលខ្ទាតចូលក្រោមកង់រថយន្ដកិន និងអូសប្រហែល២០ម៉ែត្ររងរបួសធ្ងន់ និងបានបាត់បង់ជីវិតក្រោយបញ្ជូនដល់មន្ទីរពេទ្យ ។

ប្រភពបានបន្តថា ក្រោយពីកើតហេតុតៃកុងរថយន្ដបានបើកទ្វាររថយន្ដចុះគេចខ្លួនបាត់បន្សល់រថយន្ដទុក នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយមកទើបសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ជីម ភារ៉ា ដង្កោ

img_5947 img_5944 img_5945 img_5946


ចែករំលែក៖