ព័ត៌មានទាន់ហេតុការណ៍៖

របួស២នាក់ដោយរថយន្តសាំងយ៉ុងក្រឡាប់ផ្ងារកង់សង្ស័យអ្នកបើកបរងងុយដេក

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ខណៈកំពុងបើកបរ ស្រាប់តែរេចង្កូតបើកក្រឡាប់ផ្ងារកង់ធ្លាក់ផ្លូវ បង្កឲ្យមានការផ្អើលឆោឡោពីសំណាក់ប្រជាពលរដ្ឋកំពុងដេកលង់លក់ក្នុងដំណេក កាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិកៀងសាំង សង្កាត់ក្រុងស្វាយរៀង ខណៈអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ ស្រាល ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា អ្នកបើករថយន្តមានឈ្មោះ ធូ មុនី អាយុ៣២ឆ្នាំ មានទីលំនៅភួមិចេក ឃុំសំរោង ស្រុកចន្ទ្រា និងអ្នករួមដំណើរម្នាក់ឈ្មោះផាន់ ថន អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ។

តាមអ្នកបើករថយន្តបានប្រាប់ថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AE ២៤៧៥ និងបានឌុបអ្នករួមដំណើរម្នាក់ ដោយទិសដៅពីលិចទៅកើត គោលបំណងឆ្ពោះទៅស្រុកចន្ទ្រា លុះមកដល់ចំណុចខាងលើ គាត់មានអាការងងុយដេក ស្រាប់តែរថយន្តរេចង្កូតក្រឡាប់មកខាងស្ដាំតែម្ដង ប៉ុន្តែមិនបណ្ដាលឲ្យគាត់ និងអ្នករួមដំណើររងគ្រោះថ្នាក់ធ្ងន់នោះទេ ។

ប្រជាពលរដ្ឋបានអោយដឹងថា នេះពិតជាសំណាងហើយ ដែលរថយន្តក្រឡាប់មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងផ្ទះសម្បែងនោះ ដោយរថយន្តនៅមិនឆ្ងាយពីផ្ទះអ្នកភូមិប្រមាណ២០ម៉ែត្រប៉ុណ្ណោះ កុំអីមិនដឹងមានមនុស្សប៉ុន្មាននាក់ទេ ដែលរងគ្រោះនោះ ។ ចំពោះអ្នកបើករថយន្ត និងអ្នករួមដំណើរត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាលមុខរបួស ។

លុះនៅព្រឹកឡើង សមត្ថកិច្ចនគរបាលបានអូសយករថយន្តបង្កមកកាន់ការិយាល័យនគរបាលចរាចរណ៍ខេត្តដោះស្រាយបន្តតាមច្បាប់ផងដែរ ៕ យឹម សុថាន

1 2 3


ចែករំលែក៖