ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ ករណីកាប់ឈើគ្រញូងនៅតំបន់អង្គរ

ចែករំលែក៖

 

ខេត្ដសៀមរាប៖ ជនសង្ស័យចំនួន៤នាក់ ដែលជាមន្ដ្រីអាជ្ញាធរជាតិអប្សរា ត្រូវបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ដោយជាប់ពាក់ព័ន្ធកាប់ដើមគ្ររញូងនៅតំបន់អង្គរ ។

កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនអគ្គនាយករង ឈរ ថាណាត និងប្រធានការិយាលបរិស្ថាន ផ្នែកគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាលោក ចេវ ផល សាក់សួរនៅស្នងការ ដោយជាប់ពាក់ព័ន្ធកាប់ឈើគ្រញូងនៅតំបន់ឧទ្យានអង្គរធំ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប កាលពីទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ។

លោក ទា គឹមសុទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ដសៀមរាបបានឲ្យដឹងថា  សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ៥រូប ដែលជាមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា ទៅកាន់តុលាការ ដែលលោកថា ពួកគាត់ ជាប់ពាក់ព័ន្ធនឹងការកាប់ដើមឈើគ្រញូង ដោយគ្មានការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ។

លោកបន្ដថា លោក ចេវ ផល ដែលបានបញ្ជាឲ្យមានការកាប់ដើមគ្រញូងនោះ បន្ទាប់ពីឯកភាពពីអគ្គនាយករងរូបនោះ ។

ទោះជាយ៉ាងណា លោកទាគឹម សុទ្ធ មិនបញ្ជាក់ពីទោសទណ្ឌនោះទេ ដោយគ្រាន់ថា ពួកគេបានបំផ្លាញឈើប្រណីត ស្ថិតក្នុងមាត្រា៩០នៃច្បាប់ព្រៃឈើ ។

ជនសង្ស័យទាំង៥នាក់ មានឈ្មោះ ឈរថា ណាត មានតួនាទីជាអគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុក ផ្នែកព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា ជនសង្ស័យ ទី២ ឈ្មោះចេវ ផល ជាប្រធានការិយាល័យព្រៃឈើនៃអាជ្ញាធរជាតិអប្សរា និងជនសង្ស័យចំនួន៣នាក់ទៀត ដែលពាក់ព័ន្ធនឹងការកាប់ ដើមគ្រញូងត្រូវបានបញ្ជូនមកដល់តុលាការដើម្បីសាកសួរចម្លើយ ។ ជនសង្ស័យទាំងនោះ ត្រូវបានចោទពីបទការកាប់ឈើកម្រយោង លើមាត្រា៩៧ នៃច្បាប់ព្រៃឈើ ។

លោក យិន ត្រាង អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាប មានប្រសាសន៍ថា ជនសង្ស័យបានប ញ្ជូនដល់ដៃអាយ្យតុលាការ និងកំពុងសាកសួរ ។ លោកបន្ដថា៖ចាំមើលព្រះរាជ្ញាធ្វើការស៊ើបអង្កេត និងស៊ើបសួរសិន ។

កាលពីថ្ងៃទី៩ ខែវិច្ឆិកា សមត្ថកិច្ចបានឃាត់ខ្លួន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាមួយរូប និងមន្ដ្រីមួយរូបដោយអះអាងថា ពួកគេទាំងនោះជាប់ពាក់ព័ន្ធនឹងការកាប់ឈើក្រញូងមួយដើមនៅតំបន់អង្គរ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ។

ការឃាត់ខ្លួននេះ គឺបន្ទាប់ពីលោក ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាបានសរសេរលិខិតទទួលកំហុសរបស់ខ្លួនកាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ជុំវិញការកាប់ដើមឈើដ៏កម្រមួយដើមនោះ នៅក្នុងតំបន់ឧទ្យានអង្គរគ្មានការអនុញ្ញាតពីអគ្គនាយក ៕ ជានិរន្ដរ៍

1 2 3 4


ចែករំលែក៖