ខេត្តព្រះសីហនុ ៖ នៅក្នុងពាក្យបណ្តឹង មួយច្បាប់ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ របស់ដើមបណ្តឹងឈ្មោះ ថាំង រិទ្ធី អាយុ ៥៣ឆ្នាំ ជាមន្រ្តីរាជការ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៨៧EO ផ្លូវលេខ៥៩៤ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ ដែលបានប្តឹងលោកវរសេនីយ៌ឯក អាន ផុន(ហៅរិទ្ធ) នាយរងការិយាល័យកណ្តាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពីបទរំលោភចូលកាន់កាប់ អចលនវត្ថុអ្នកដទៃ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។
នៅក្នុងខ្លឹមសារនៃពាក្យបណ្តឹងរបស់ឈ្មោះខាងលើបានបញ្ជាក់ថា លោកបាន ទិញដីមួយកន្លែងដែលមានទំហំ១៥ម៉ែត្រ គុណ២០ម៉ែត្រ មានទីតាំងនៅមណ្ឌល១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ពីឈ្មោះ ជិន ផៃ អាយុ៥៥ឆ្នាំ និងឈ្មោះ តាំង ហ៊ាន កាលពីអំឡុងឆ្នាំ ២០០២ ដោយបានកាន់ កាប់ និងបានចុះបញ្ជីក្បាលដីដែលមាន លេខ៨៣០ នៅមន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ រួចមកហើយ ដែលមានព្រំប្រទល់ខាងកើត ជាប់នឹងដីលោកវរសេនីយ៌ឯក អាន ផុន ហៅ រិទ្ធ ។
តាមខ្លឹមសារនៃពាក្យបណ្តឹងបានបន្ត ឲ្យដឹងទៀតថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ លោក អាន ផុន ហៅ រិទ្ធ ដោយអាងអំណាចរបស់ខ្លួនជា មន្រ្តីនគរបាលបានចាក់គ្រឹះសសរបេតុង សាងសង់អាងទឹករំលោភមកលើដីរបស់លោកអស់ទំហំ៤ម៉ែត្រគុណ៤ ម៉ែត្រ និងបានធ្វើសកម្មភាពរុះរើរបងហ៊ុមព័ទ្ធដីកម្មសិទ្ធិរបស់លោកចោលគ្មានសល់ ។ បើទោះជាអ្នកចាំដីរបស់លោកទៅហាមឃាត់យ៉ាងណាក៏ឈ្មោះខាងលើមិនព្រមស្តាប់ដែរ ដែលសកម្មភាពនេះបញ្ជាក់ឲ្យឃើញថា ជាការរំលោភបំពានបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសុច្ចរិតរបស់អ្នកដទៃ ដែលមាន ចែងនៅក្នុងច្បាប់ជាធរមាន ហើយលោកត្រូវតែដាក់ពាក្សបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីធ្វើការទាមទារនូវសំណងជាទឹកប្រាក់ចំនួន ៣០.០០០ដុល្លាសហរដ្ឋអាមេរិក ។
លោកថាំង រិទ្ធី ជាម្ចាស់ដើមបណ្តឹងខាងលើបានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ថា មុននឹងឈានដល់ដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកក៏បានដាក់ពាក្យបណ្តឹងមួយច្បាប់ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ទៅសាលា សង្កាត់ លេខ៣ ដើម្បីសុំការជួយអន្តរាគមន៍ពីលោកចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុដែលជាអ្នកចុះហត្ថលេខាលើការលក់-ទិញពីម្ចាស់ដើមជាមួយលោកនាពេលកន្លងមកនោះ ដែរដើម្បីជួយធ្វើអន្តរាគមន៍ក្នុងការរំលោភ បំពានចូលកាន់កាប់ទៅលើទំហំដីដូចបានរៀបរាប់ខាងលើ ប៉ុន្តែបុគ្គលអាន ផុន ហៅរិទ្ធដែលអាងអំណាចនោះមិនស្តាប់ឡើយ ។
លោកសុខ ចាន់ដារ៉ា ជាអ្នកមើលថែទាំដីខាងលើបានរៀបរាប់ថា ពេលលោកអាន ផុនហៅ រិទ្ធ រុះរើរបង និងចាក់គ្រឹះបេតុងសសរអាងទឹក លោកបានទៅប្រាប់កុំឲ្យរុះរើរបងនិងសាងសង់សំណង់ខាងលើនេះ រំលោភចូលមកដីកម្មសិទ្ធិរបស់ដើមបណ្តឹងខាងលើ ផ្ទុយទៅវិញបែជាលោកអាន ផុន ហៅ រិទ្ធ បាននិយាយថាបើមិនសុខចិត្តទៅប្តឹងទៅ ។
ដោយឡែកលោកវរសេនីយ៍ឯកអាន ផុនហៅរិទ្ធបានឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ចំពោះសំណុំរឿងខាងលើនេះលោកមិនខ្វល់ទេព្រោះវាកំពុងតែស្ថិតក្នុងដៃលោកស្រីអយ្យការអមសាលាដំបូងរួចរាល់ហើយដែរ ។ ជាង នេះទៅទៀតលោកកំពុងរៀបចំឯកសារដាក់ ពាក្យប្តឹងតបទៅម្ចាស់បណ្តឹងវិញ ៕ ឆ្លាមសមុទ្រ