ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនេះ បន្ទាប់ពីបានអញ្ជើញបង្សុកូលបញ្ជូនកុសលដល់កូនប្រុស ហ៊ុន កំសត់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំរួចហើយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់ ស្ថិតនៅក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗ និងចៅៗ សិស្សានុសិស្ស ជាពិសេស កំណើនសិស្សានុសិស្សជារៀងរាល់ឆ្នាំនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិតព្រមទាំងសប្បុរសជនបានសម្រេចផ្តល់ជូនបន្ថែមនូវអាគារសិក្សា ១ខ្នង កំពស់២ជាន់ មាន១៦បន្ទប់ និងសាងសង់ផ្ទះស្នាក់នៅរបស់សិស្ស ២ខ្នង កំពស់ ២ជាន់ មាន២៤ បន្ទប់។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខគ្រប់យ៉ាង ហើយក្មួយៗនិងចៅៗត្រូវចងចាំថា សម្តេចតេជោទាំងទ្វេស្រឡាញ់ក្មួយៗ និងចៅៗគ្រប់ៗគ្នា ៕