ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តប្រពន្ធកូនមិនរស់នៅជាមួយផឹកថ្នាំពុលសម្លាប់ខ្លួន រីឯសត្វឆ្កែ២ក្បាលមកស៊ីកំអួតពុលងាប់តាមក្រោយ

ចែករំលែក៖

ខេត្តស្វាយរៀង៖បុរសម្នាក់ស្លាប់សង្ស័យ ដែលតូចចិត្តក្រុមគ្រួសារមិនរស់នៅជាមួយហើយបានយកថ្នាំពុលបាញ់ស្រូវមកផឹកបណ្ដាលឲ្យប្រកាច់ក្អូតពេញដី ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ គឺមានសត្វឆ្កែ២ក្បាលមកស៊ីកំអួតធ្វើឲ្យពុលងាប់ដែរ ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទ៍។

សមត្ថកិច្ចនគរបាលបុស្តិ៍សំឡីបានឲ្យដឹងថា បុរសដែលគិតខ្លីសម្លាប់ខ្លួនឈ្មោះ ហ៊ួត ចន្ធា អាយុ៤៤ ឆ្នាំមុខរបរកសិករ រស់នៅ ភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចបន្តថា មូលហេតុដែលបុរសខាងលើផឹកថ្នាំសម្លាប់ខ្លួនសង្ស័យថា តូចចិត្តនឹង ប្រពន្ធ កូនមិនរស់នៅជាមួយហើយដោយពួកគេ(ប្រពន្ធ-កូន)ទៅធ្វើការងារនៅរោងចក្រអស់។ តាមអ្នកស្រុកឲ្យដឹងថាជនរងគ្រោះខាងលើនេះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ក្បាលជាទម្ងន់ និងធ្លាប់ត្រូវចរន្តអគ្គិសនីឆក់ធ្វើឲ្យជនរងគ្រោះមានសតិមិនសូវគ្រប់ផង ហើយសង្ស័យជំងឺសតិមិនគ្រប់របស់គាត់រើឡើង និងតូចចិត្តប្រពន្ធ កូនមិននៅក្បែរក៏សម្រេចចិត្ត ផឹកថ្នាំបាញ់ស្រូវ និងសម្លាប់សត្វល្អិត បណ្តាលឲ្យស្លាប់តែម្តង។ អ្វីដែលហួសចិត្តទៀតនោះ ពេលដែលជនរងគ្រោះមុនស្លាប់បានពុលក្អូតប្រកាច់ហើយមានឆ្កែ២ក្បាលមកស៊ីកំអួតក៏ពុលងាប់តាមក្រោយនៅក្បែរជនរងគ្រោះដែរ ។

តាមអ្នកស្រុកឲ្យដឹងទៀតថា នៅពេលគេប្រទះឃើញជនរងគ្រោះ អ្នកភូមិក៏បាននាំគ្នាមកជួយដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ តែជាអកុសលគ្រូពេទ្យប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ច ជំនាញនគរបាលស្រុកបានសហការជាមួយនគរបាលប៉ុសិ៍្តចុះទៅ ពិនិត្យសាកសពជនរងគ្រោះ រួចបានប្រគល់សាកសពឲ្យសាច់ញាតិចាត់ចែង ធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីរកឃើញថា ជនរងគ្រោះពុំជាប់ពាក់ព័ន្ធនឹងអំពោះឃាតកម្មនោះទេ ៕ យឹម សុថាន

 

as-1 as as-1


ចែករំលែក៖