ភ្នំពេញ ៖ «កម្ពុជាពិតជាគ្មានអ្នកនិពន្ធដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង ជនជាតិថៃទេ ឬបានជាចាំបាច់ត្រូវទិញរឿង របស់គេយកមកផលិតផ្សាយតាមកញ្ចក់ ទូរទស្សន៍យ៉ាងដូច្នេះ?»។ នេះជាសំណួរចំអកទៅកាន់អ្នកផលិតកម្មវិធីទូរទស្សន៍ ប៉ុស្តិ៍លេខ៥ក្រោយពីស្ថានីយទូរទស្សន៍នេះបានប្រកាសផលិតខ្សែភាពយន្តភាគរឿង «ចន្ទវង្វេងមេឃ» ដែលប្រជាជនខ្មែរ ហៅថា «រឿងនាយផ្កាយព្រឹក» នោះ។
ពាក្យរិះគន់ជាច្រើនបានកើតមានឡើងជាបន្តបន្ទាប់ក្រោយពីផលិតករថៃប្រកាសយកខ្សែភាពយន្តភាគថៃដ៏ល្បីក្នុងទសវត្សទី៩០ខាងលើមកថតសាឡើងវិញដោយ តម្រូវឲ្យសិល្បករខ្មែរជាអ្នកសម្តែង។ ការរិះគន់ក៏ព្រោះតែកន្លងមកតួឯកក្នុងខ្សែភាពយន្តនេះគឺនាង ស៊ូវ៉ាន់ណន្ត គង់់យីង( Suvanant Kongying ) (ទស្សនិកជនខ្មែរហៅ ក្រៅថា នាងផ្កាយព្រឹក) បាននិយាយថា ប្រាសាទអង្គរវត្តគឺជារបស់ជនជាតិថៃ។ ការលើកឡើងកាលពីអំឡុងឆ្នាំ២០០៣នេះត្រូវបានគេចាំបានដែរថាមានប្រតិកម្មធ្ងន់ៗពីប្រមុខថ្នាក់ដឹកនាំកម្ពុជា និងលេចចេញការតវ៉ានិងផ្ទុះជាបាតុកម្មរហូតធ្វើឲ្យមានការវាយកម្ទេចហាងទំនិញក្រុមហ៊ុនថៃរួមទាំងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលអ្នកខ្លះនិយាយថា ជាទូរទស្សន៍របស់ក្រុមហ៊ុនថៃនេះទៀតផងធ្វើឲ្យខូចខាតសរុប ជាទឹកប្រាក់ជាង៥០លានដុល្លារអាមេរិក។
មានសំណួរជាច្រើនត្រូវបានផុសឡើងពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាមួយនឹងពាក្យរិះគន់មិនសំចៃមាត់ដែលអ្នករិះគន់ជាច្រើនបានលើកឡើងស្រដៀងគ្នាថា កម្ពុជាមានអ្នកនិពន្ធដែលមានសមត្ថ ភាពគ្រប់គ្រាន់មិនចាំបាច់ទិញរឿងរបស់ គេយកមកផលិតផ្សាយតាមទូរទស្សន៍យ៉ាង ដូច្នេះទេ។ មានការលើកឡើងដែរថា ការ ទិញរឿងបរទេសមកផលិតឡើងវិញនេះគឺស្មើនឹងការប្រមាថសមត្ថភាពផលិតករក្នុងស្រុក ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយពីផលិតករ និងអ្នកគ្រប់គ្រងកម្ម វិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ខាងលើបាននៅឡើយទេ។ ប៉ុន្តែកន្លងមកផលិត ករថៃដែលដឹកនាំការសម្តែងខ្សែភាពយន្តខាងលើលើកឡើងថា ខ្សែភាពយន្តរឿង ចន្ទវង្វេងមេឃនេះនឹងត្រូវកែច្នៃសាច់រឿងមួយចំនួនឲ្យស្របតាមសម័យកាលបច្ចុប្បន្ន និងមានលក្ខណៈជាខ្មែរច្រើន។ ផលិតករខាងលើលើកឡើងឡើងដែរថាស្ថានីយមិន មែនមិនមានលទ្ធភាពនិពន្ធរឿងថ្មីដែល មិនចម្លងពីបរទេសសម្រាប់ផលិតនោះទេ ប៉ុន្តែមកពីចង់តម្រូវទីផ្សារ និងចង់ប្រៀបធៀបពីការសម្ដែងរបស់តារាខ្មែរនិងតារា បរទេសក្នុងរឿងដែលមានទម្រង់តែមួយ ទើបសម្រេចចិត្តបោះទុនទិញសិទ្ធិយកមកផលិតថ្មីដើម្បីឲ្យតារាខ្មែរសម្ដែងប្រកួត ប្រជែង ។
មានអ្នករិះគន់ជាច្រើនលើកឡើងថា មានរឿងជាច្រើនដែលខ្មែរអាចនិពន្ធ និង ផលិតបានមានគុណភាពខ្ពស់ផងដែរគឺ មិនចាំបាច់យកខ្សែភាពយន្តបរទេសមក ផលិតតាមលំនាំនោះទេ ។ ក្រៅពីការនិពន្ធ រឿងថ្មីជាច្រើននោះខ្មែរក៏មានរឿងចាស់ជាច្រើនដែលមានគុណតម្លៃនៃការអប់រំជា ច្រើនយកមកផលិតជាខ្សែភាពយន្តថ្មីឡើង វិញបានផងដែរ។ ក្រៅពីការរិះគន់ខាងលើមតិប្រជាពលរដ្ឋជាច្រើនបានស្នើឲ្យក្រសួង ពាក់ព័ន្ធ ពិសេសសក្រសួងព័ត៌មាន និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមេត្តាជួយត្រួតពិនិត្យលើបញ្ហាខាងលើផងដែរ ។
គួរបញ្ជាក់ថា រឿង«ចន្ទវង្វេងមេឃ» បានចាប់ផ្តើមផលិតក្រោយពីរៀបចំពិធី ក្រុងពាលីកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះដែលដំណើរការផលិតពី៦ទៅ៨ខែមុន ពេលចាក់បញ្ចាំងនៅដើមឆ្នាំក្រោយ។
គួររំលឹកថា កុប្បកម្មផ្ទុះឡើងកាលពីចុង ខែមករាឆ្នាំ ២០០៣ នាងស៊ូវ៉ាន់ណន្ត គង់់ យីង( Suvanant Kongying )(ទស្សនិក ជនខ្មែរហៅក្រៅថា នាងផ្កាយព្រឹក) បាន និយាយថា ប្រាសាទអង្គរវត្តគឺជារបស់ជនជាតិថៃ ។ ពាក្យសម្តីនេះបានលេចចេញ ប្រតិកម្មខ្លាំងៗពីប្រជាជនខ្មែរដែលគ្រានោះសម្តេចតេជោ ហ៊ុន សែន ក៏មាន ប្រសាសន៍លើកឡើងថា “តម្លៃរបស់នាង នោះមិនស្មើស្លឹកស្មៅក្បែរអង្គរផង”។ ក្រោយការលើកឡើងរបស់តារាថៃនេះដែររដ្ឋាភិបាលកម្ពុជាបានហាមចាក់ផ្សាយគ្រប់ ខ្សៃភាពយន្តថៃនៅស្ថានីយទូរទស្សន៍ទូទាំងប្រទេសកម្ពុជា។ កុប្បកម្មប្រឆាំងស្ថាន ទូតថៃបានកើតឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ ដោយកុប្បករបានសម្រុកចូល ស្ថានទូតថៃ និងវាយបំផ្លាញអគារពាណិជ្ជកម្មថៃមួយចំនួននៅភ្នំពេញដែលបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណជាង៥០លានដុល្លារអាមេរិក ៕ វឌ្ឍនា