ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងពន្លត់ភ្លើងជ័យ
។
សម្តេចតេជោបានបញ្ជាក់ថា« នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ខ្ញុំព្រះករុណាខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងពន្លត់ភ្លើងជ័យ ដែលបានឆេះឡើងអស់រយៈពេលបីថ្ងៃមកហើយ (ថ្ងៃទី០៩-១១ ខែ វិច្ឆិកា ២០១៦)។
ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណព្រះតេជគុណគ្រប់ព្រះអង្គ និងសូមអរគុណសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអង្គទូត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗចៅៗសិស្សានុសិស្សដែលបានចូលរួមនៅក្នុងពិធីជាប្រវត្តិសាស្រ្តនេះ។
ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរព្រះសង្ឃ និងជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ទទួលបាននូវពុទ្ឋពរ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈនៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏វិសេសវិសាលនេះ» ៕