ខេត្តបាត់ដំបង ៖ ក្រុមចោរបានកាត់ សោផ្ទះប្រមូលយកប្រាក់និងទូរស័ព្ទដៃរាប់សិបគ្រឿងគ្មានសល់ ខណៈដែលម្ចាស់ផ្ទះមានធុរៈទៅយកកូននៅឯខេត្តកំពង់ចាម ហើយបិទទ្វារផ្ទះចាក់សោចោល។
សមត្ថកិច្ចនគរបាលស្រុកកំរៀងបាន បញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១រំលងអធ្រាត្រ ឈានចូលយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ម្ចាស់ផ្ទះដែលត្រូវចោរគាស់យកទ្រព្យសម្បត្តិឈ្មោះ សែ ពិសិដ្ន ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរលក់ទូរស័ព្ទ ហើយការបាត់បង់ទ្រព្យសម្បត្តិនេះខណៈដែលម្ចាស់ផ្ទះទៅយកកូននៅខេត្តកំពង់ចាម។
មន្ត្រីដដែលបានបន្តថា តាមការឲ្យដឹង ពីម្ចាស់ផ្ទះគឺកូនសោដែលគាត់ចាក់ទ្វារផ្ទះនោះជាប្រភេទសោសូឡិច ហើយនៅពេល វិលត្រឡប់មកពីខេត្តកំពង់ចាមវិញ ស្រាប់ តែឃើញមេសោរបូតចេញពីទ្វារហើយមាន ស្នាមឆ្កឹះរបូតគ្មានសល់ និងខាងក្នុងផ្ទះ អីវ៉ាន់រើកកាយគ្មានសល់ ។
ម្ចាស់ផ្ទះបញ្ជាក់ថា សម្ភារនៅក្នុងផ្ទះ ដែលបាត់មានទូរស័ព្ទគ្រប់ប្រភេទសរុប ទាំងអស់៦៣គ្រឿង និងលុយដាក់ក្នុងថតទូចំនួន៧០០ដុល្លារ ។
លោក គឹម ពន្លក អធិការនគរបាល ស្រុកកំរៀងបានឲ្យដឹងថា មុខសញ្ញាដែល គាស់ទម្លាយផ្ទះនេះគឺសមត្ថកិច្ចបានកំណត់ មុខសញ្ញាហើយតែមកដល់ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅពុំទាន់ឃាត់ខ្លួនជន សង្ស័យបាននៅឡើយទេ ៕ សហការី