ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តកន្ត្រៃបុកម៉ូតូ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់នៅស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ គោយន្តកន្ត្រៃ បានបើកបុកជាមួយម៉ូតូមួយគ្រឿងខណៈបើកឆ្លងថ្នល់ខ្វះការប្រយ័ត្នប្រយែង បណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុមនុស្សម្នាក់ រីឯជនរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់ លពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចផ្លូវបំបែកជា៤ ភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គោយន្តកន្ត្រៃយ៍បានបើកពីលិចទៅកើត ចំណែកម៉ូតូ បើកពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវបំបែកជា៤ ស្រាប់តែវ៉ាក់អឺ បុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ សេរី ឆ្នាំ២០១២ គ្មានស្លាកលេខ ឈ្មោះឃៀន សា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិ ចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យស្ទោង ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងខេត្តកំពង់ធំ និងអ្នករួមដំណើរឈ្មោះ ឃៀន ស៊ោរ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយ ស្លាប់នឹងកន្លែងកើតហេតុ ។

ចំណែកជនបង្កដែលបើកបរគោយន្តកន្ត្រៃយ៍បានចុះរត់គេចខ្លួនបាត់ ក្រោយពីឃើញហេតុការណ៍មិនស្រួល។

សមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកត់កំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង គោយន្តកន្ត្រៃយ៍ និងម៉ូតូ ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង រង់ចាំភាគីសងខាងចូលដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

1 2 3 4 5 6 65 76 te


ចែករំលែក៖