ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពយកពូថៅទៅកាប់ជញ្ជាំងផ្ទះអ្នកជិតខាងក្រោយពីមានជម្លោះពាក្យសំដីបន្តិចបន្តួច

ចែករំលែក៖

ខេត្តកណ្តលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះ យកពូថៅធ្វើសកម្មភាពកាប់ជញ្ជាំងផ្ទះអ្នកជិតខាងបណ្តាលឲ្យរងការខូចខាត ក្រោយពីមានជម្លោះពាក្យសំដីគ្នាបន្តិចបន្តួច ។

ករណីលបកាន់ជញ្ជាំងផ្ទះអ្នកជិតខាងនេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ហេង បូរិទ្ធ ហៅអួក ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ។ ចំណែកឯជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ខែម ផង់ ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនដៃដល់មានទំនាស់ពាក្យសំដីគ្នាជាមួយស្ត្រីរងគ្រោះជាម្ចាស់ផ្ទះបន្តិបន្ទួចហើយ ក៏ស្ងាត់ទៅវិញដោយសារតែមានការសម្របសម្រួលពីសាច់ញាតិទាំងសងខាង ។ លុះដល់វេលាម៉ោងប្រមាណ១២យប់រំលងអធ្រាតឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ គ្រាដែលជនរងគ្រោះជាម្ចាស់ផ្ទះដេកលក់លង់ក្នុងដំណេក ជនដៃដល់បានកាន់ពូថៅលបទៅកាប់ជញ្ជាំងផ្ទះស្ត្រីរងគ្រោះ គ្រានោះប្តីស្ត្រីរងគ្រោះក្រោកពីដំណេកទាន់អើតឃើញជនដៃដល់កំពុងធ្វើសកម្មភាពក៏ចុះទៅមើល ធ្វើឲ្យជនដៃដល់ដឹងខ្លួនរត់ឡើងទៅដេកលើផ្ទះបាត់ ។ លុះព្រឹកឡើងស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ ដើម្បីចាប់ខ្លួនជនដៃដល់ចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងជនដៃដដល់បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពកាប់ជញ្ជាំងផ្ទះស្ត្រីរងគ្រោះ ដោយពូថៅប្រាកដមែន  ហើយនេះ មិនមែនជាលើកទីមួយនោះទេ គឺខ្លួនបានធ្វើសកម្មភាពកាប់ជញ្ជាំងផ្ទះស្ត្រីរងគ្រោះចំនួន២លើកទាំងលើកនេះ ។ ជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងកសាងសំណុំរឿងពីបទធ្វើឲ្យខូចខតដោយចេតនា ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ស្អាងជ័យ

 

as as-1 as-2 as-3 as-4


ចែករំលែក៖