ខេត្តស្វាយរៀង ៖ មានអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នងសល់តែគ្រោងឆ្អឹង រីឯទ្រព្យសម្បត្តិឆេះអស់ក្លាយជាផេះគិតជាប្រាក់ជាង២ម៉ឺនដុល្លារ មូលហេតុឆ្លងចរន្ត អគ្គិសនី ។
ករណីភ្លើងអគ្គីឆាបឆេះផ្ទះនេះបានកើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលា ម៉ោង ៣រសៀល នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ។
បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ករណីភ្លើងអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះគឺផ្ទះសង់អំពីឈើទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ សសរបេតុង ដំបូល ប្រក់សង្ក័សីជញ្ជាំងក្តារ ។ ជនរងគ្រោះ ជាម្ចាស់ផ្ទះឈ្មោះឡុង មឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិតាប៉ ឃុំតាសួស ស្រុក ស្វាយជ្រំ ។
សមត្ថកិច្ចបន្តទៀតថា អគ្គិភ័យឆេះឆាបនេះខូចខាតទ្រព្យសម្បត្តិជាច្រើន រួមមាន សម្លៀកបំពាក់ មុង កន្ទេលខ្នើយ ចានឆ្នាំង ទូរទស្សន៍ ស្រូវអង្ករ ប្រាក់ដុល្លារចំនួន ៦.៥០០ដុល្លារ និងសម្ភារប្រើប្រាស់មួយ ចំនួនទៀតគិតជាទឹកប្រាក់ជាង២ម៉ឺនដុល្លារបានន័យថាទ្រព្យសម្បត្តិឆេះអស់គ្មានសល់គឺសល់សម្លៀកបំពាក់តែមួយចង្កេះជាប់ នឹងខ្លួនប៉ុណ្ណោះ ។
មូលហេតុគឺដោយសារឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង)ខណៈម្ចាស់ផ្ទះមិននៅចេញទៅស្រែអស់ទម្រាំអ្នកជិតខាងឃើញភ្លើងឆេះខ្លាំងទៅហើយ ។ រីឯរថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន១គ្រឿង ក៏ បានទៅជួយអន្តរាគមន៍ដែរក៏ប៉ុន្តែនៅឆ្ងាយទម្រាំទៅដល់គឺភ្លើងឆេះពេញក្រមុំ ទៅហើយមិនអាចជួយពន្លត់សង្គ្រោះបានបណ្តាលឲ្យភ្លើងឆេះសល់តែគ្រោងឆ្អឹង ៕ យឹម សុថាន