ខេត្តព្រះសីហនុ៖ ស្រ្តីជនជាតិចិនជាថៅកែហាងស៊ុបឆ្នាំងដីម្នាក់បានរងរបួសធ្ងន់ ធ្ងរ ខណៈក្រោកពីដំណេកជួបចោរប្លន់ចេញ ពីបន្ទប់ទឹកវាយប្លន់យកកាបូបលុយរួច គេចខ្លួនបាត់។ ហេតុការណ៍ប្លន់នេះបានកើត ឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះស្ត្រីរង គ្រោះស្ថិតក្នុងក្រុមទី២៧ ភូមិ៣ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ។
បើតាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានក្រោកពីដំណេកហើយបានដើរសំដៅទៅបន្ទប់ទឹកក្នុងគោលបំណងងូតទឹករៀបចំខ្លួនទៅផ្សារទិញអីវ៉ាន់ ប៉ុន្តែគ្រាន់តែទៅ ដល់មុខបន្ទប់ទឹកក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ពួនសំងំនៅក្នុងបន្ទប់ទឹកបានស្ទុះមកវាយរូបគាត់ទាំងកម្រោលបណ្តាលឲ្យរូបគាត់រងរបួសធ្ងន់ធ្ងរ ។
ស្ត្រីរងគ្រោះបានបន្តថា ជនសង្ស័យ ក្រោយពីធ្វើសកម្មភាពវាយគាត់រួចហើយ ក៏ឆក់យកកាបូបលុយរបស់គាត់រត់គេចខ្លួន បាត់ដោយសុវត្ថិភាព។ ចំណែករូបគាត់ត្រូវបានបងប្អូននិងអ្នកជិតខាងដឹកទៅកាន់មន្ទីរ ពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ ។
មន្ត្រីនគរបាលសង្កាត់លេខ៣បានប្រាប់ ឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ចាំង លីង អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរជាថៅកែ ហាងស៊ុបឆ្នាំងដី(តំបន់ឧតុនិយម)បានរង របួសដៃមុខមាត់ធ្ងន់ធ្ងរដោយមុខរបួសនេះសង្ស័យថា ជនដៃដល់ប្រើវត្ថុរឹងវាយទៅលើស្រ្តីរងគ្រោះ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវរកអត្តសញ្ញាណជនដៃដល់ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ឆ្លាមសមុទ្រ