ខេត្តរតនគិរី៖ សាកសពបុរសជនជាតិវៀតណាម លង់ទឹកស្លាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសេសាន ។
ហេតុការណ៍នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោង៥និង១៥នាទីល្ងាច នៅជិតកោះសាំងចំងាយ៣០០ម៉ែត្រ ស្ថិតនៅភូមិភិៈ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសពបានរាយការណ៍ជួនសមត្ថកិច្ចនគរបាលមូលដ្ឋានដើម្បីត្រួតពិនិត្យសាកសពទើបដឹងថា សាកសពជាជនជាតិវៀតណាម ។
បើតាមការអោយដឹងពីសមត្ថកិច្ចនគរបាលឃុំសេសាន និងស្រុកអូរយ៉ាដាវបានអោយដឹងថា សាកសពខាងលើនេះ សមត្ថកិច្ចស្រុកអូរយ៉ាដាវបានទំនាក់ទំនងគ្នាជាមួយសមត្ថកិច្ចឃុំញ៉ាង ស្រុកអណ្តូងមាស បានអោយដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាល្ងាចនោះ មានជនជាតិវៀតណាមម្នាក់ បានលង់ទឹកស្លាប់ ហើយសាកសពអណ្តែតតាំងពីស្រុកអណ្តូងមាសមកទើរនៅចំណុចខាងលើ ក្រោយពីសមត្ថកិច្ចមូលដ្ឋានត្រួតពិនិត្យរួច ទើបដឹងថា សាកសពមានឈ្មោះ វៀង តឹងយ៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិហថាន់ ឃុំយ៉ាងហ្វាង ស្រុកលីប៊ី ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានត្រួតពិនិត្យសាកសព ហើយលទ្ធផលគឺសាកសពពិតជាលង់ទឹកស្លាប់មែន ក្រោយមកទៀត ក៏មានឪពុកម្តាយបងប្អូនសាកសពបានមកទទួលយកសាកសពទៅធ្វើបុណ្យនៅស្រុកកំណើតប្រទេសវៀតណាម ។
សមត្ថកិច្ចមូលដ្ឋានមិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះមកស្នាក់នៅទឹកដីខ្មែរមានច្បាប់ ឬមានមុខរបរអ្វីនោះទេ៕ វុទ្ធឦសាន