ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពីកម្មវិធីជំនួយថវិកាខ្នាតធំ និងខ្នាតតូចរបស់មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌(AFCP)សំរាប់ឆ្នាំ ២០១៧។ អង្គការមិនធ្វើពាណិជ្ជកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចដាក់ពាក្យសុំបាន។ កាលបរិច្ឆេទចុងក្រោយដែលស្ថានទទួលពាក្យសុំគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦។ ព័ត៌មានពេញលេញមាននៅក្នុងគេហទំព័រនេះ https://kh.usembassy.gov/education-culture/grant-programs/ambassadors-fund-for-cultural-preservation/ ។
មូលនិធិ AFCP ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០០ ដោយសភាសហរដ្ឋអាមេរិក ដើម្បីជួយអភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងបេតិកភណ្ឌវប្បធម៌អរូបី ដែលប្រឈមនឹងការបាត់បង់ នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិច រួមទាំងប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌ក្រោមការិយាល័យកិច្ចការអប់រំ និងវប្បធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកមានមោទនភាពក្នុងការជួយដល់ការខិតខំរបស់ប្រទេសកម្ពុជា នៅក្នុងការការពារ ចងក្រងឯកសារ និងបង្ហាញចេញនូវបេតិកភណ្ឌវប្បធម៌ដ៏ល្អឯករបស់ខ្លួន។នៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយថវិកាអស់ចំនួនជិត ៤ លានដុល្លាអាមេរិកលើកម្មវិធីបេតិកភណ្ឌ វប្បធម៌នានារាប់ពីការចងក្រងឯកសារស្តីពីការរាំរបាំបូរាណ ដល់ការប្រយុទ្ធប្រឆាំងនឹងការលួចប្លន់ និងដល់ ការងារអភិរក្សទីតាំងប្រវត្តិសាស្រ្ត ដូចជានៅប្រាសាទភ្នំបាក់ខែង នៅអង្គរ។
តាំងពីឆ្នាំ ២០០១ មក ប្រទេសកម្ពុជាបានទទួលអំណោយថវិកាចំនួន ១៨ ពីមូលនិធិAFCP ដោយគិតជាទឹកប្រាក់សរុបមាន ២,៩ លានដុល្លាអាមេរិក។ កម្មវិធីធំជាងគេមួយនៅក្នុងប្រវត្តិរបស់មូលនិធិ AFCP គឺអំណោយថវិកាចំនួន ៩៧៩ ០០០ ដែលត្រូវបានផ្តល់អោយនៅឆ្នាំ ២០០៨ សំរាប់បន្តការងារដែលកំពុងដំណើរការនៅប្រាសាទភ្នំបាក់ខែងដោយអង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund) ដោយធ្វើសហប្រតិបត្តិការជាមួយអាជ្ញាធរអប្សារា។
អំណោយថវិកាថ្មីៗបំផុតពីមូលនិធិ AFCP ដល់ប្រទេសកម្ពុជាគឺសំរាប់ចងក្រងឯកសារស្តីពីទីតាំងមុនសម័យអង្គរ នៅសតវត្សទី ៦ និងទី ៧ នៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកឯកអគ្គរដ្ឋទូត Heidt និងលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា កាលពីខែកញ្ញា នៅភ្នំដា ក្នុងខេត្តតាកែវ៕