ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូកង់បី និងរ៉ឺម៉កម៉ូតូជាង១​ម៉ឺន​គ្រឿងធ្វើចរាចរ​នៅភ្នំ​ពេញ កំពុងរងការចោទ​ប្រកាន់​​​​ពាក់ពន្ធ័ទៅនឹងបញ្ហាកកស្ទះចរាចរ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ ម៉ូតូកង់បីឬតុតុ និង រ៉ឺម៉កម៉ូតូឬម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើចរាចរនៅរាជធានីភ្នំពេញ បានរងការចោទប្រកាន់ថា បង្កការកកស្ទះចរាចរ ដោយសារ ការបើកបរ និងពេលឈប់ឬចតមិនមានសណ្តាប់ធ្នាប់ចំណែកឯ សមត្ថកិច្ច និងអាជ្ញាធរហាក់មិនមានការចាប់អារម្មណ៏ឡើយ ។

ក្នុងដំណើរកំសាន្តពេលយប់ នៃព្រះរាជពិធីបុណ្យអុំទូក ខណៈត្រឡប់ទៅផ្ទះវិញ ត្រង់ចំណុចច្រកចេញ ដែលបិទប៉ារ៉ាស់ដោយ សមត្ថកិច្ចនោះ ប្រជាពលរដ្ឋ បាននិយាយថា ៖ នៅភ្នំពេញរាល់ថ្ងៃនេះជួបបញ្ហាកកស្ទះចរាចរស្ទីររាល់ថ្ងៃ ដែលបង្កដោយឡានធំ ឡានទេសចរ និងមួយផ្នែកគឺក្រុមអាតុតុឬម៉ូតូសណ្តោងរ៉ឺម៉ក និងមួយផ្នែកទៀតការមិនគោរពច្បាប់ចរាចរផងដែរ តាមពិតទៅម៉ូតូកង់បី និងម៉ូតូសណ្តោងរ៉ឺម៉ក ខ្លះមានទំហំចង់ធំប៉ុនឡាន តែសមត្ថកិច្ច ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចហាក់មើលរំលង ដោយមានការចាប់អារម្មតែរថយន្ត ជាពិសេសរថយន្តធំតែម្តង ។

លោក ជា ប៊ុនធឿន ប្រធានអង្គភាពចុះបញ្ជីទោចក្រយានយន្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៨ វិច្ឆិកានេះថា ៖ នៅរាជធានីភ្នំពេញ មានក្រុមម៉ូតូកង់បីឬតុតុ និងរ៉ឺម៉កម៉ូតូឬម៉ូតូសណ្តោងរ៉ឺម៉ក ដែលបានចុះបញ្ជី និងមានស្លាកលេខត្រឹមត្រូវមានចំនួនសរុប ១១៨៨០គ្រឿង ក្នុងនោះ តុតុ មានចំនួន ៥៦៧០គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉កមានចំនួន៦២១០គ្រឿង ។

លោក បានបន្តថា បច្ចុប្បន្ន ម៉ូតូកង់បី និងម៉ូតូសណ្តោងរ៉ឺម៉ក បាន និងកំពុងធ្វើចរាចរណ៏ក្នុងរាជធានីភ្នំពេញ មានប្រមាណ ១ម៉ឺន៣ពាន់គ្រឿង ដោយគិតទាំងមិនទាន់ចុះបញ្ជីប្រមាណជាង១០%ផងដែរ ។

លោក ជា ប៊ុនធឿន បានឲ្យដឹងទៀតថា បច្ចុប្បន្ន ទាំងម៉ូតូកង់បី និងម៉ូតូសណ្តោងរ៉ឺម៉កបាន និងកំពុងកែឆ្នៃ ដោយយកម៉ូតូអត់ពន្ធ ទៅចាប់រ៉ឺម៉កពីក្រោយ ដើម្បីបន្លំឲ្យរួចការបង់ពន្ធឬធ្វើស្លាកលេខ ដែលនៅសល់ប្រមាណជាង១០%នៃរ៉ឺម៉កម៉ូតូដែលបានបង់ពន្ធត្រឹមត្រូវ ។ ប្រធានអង្គភាពចុះបញ្ជីទោចក្រយានយន្ត បានអំពាវនាវ សុំឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះអប់រំណែនាំ និងសុំឲ្យជាងកែឆ្នៃ ម៉ូតូកង់បី និងម៉ូតូសណ្តោងរ៉ឺម៉កបញ្ឈប់ឲ្យមានការកែឆ្នៃតទៅទៀត ព្រោះការកែឆ្នៃបែបនេះ មិនមានគុណភាពទេ គឺវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផងដែរ ជាក់ស្តែងនាពេលកន្លងមក យើងទាំងអស់គ្នាតែងទទួលព័ត៌មានថា មានរ៉ឺម៉កដឹកកម្មករឬដឹកផ្សេងៗបានក្រឡាប់ឬចាប់ហ្វ្រាំងមិនស៊ីជាដើម ។

ចំណែកមន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់រាជធានីភ្នំពេញកាលពីមុន ដោយសារសេវាដឹកជញ្ជូន មានការខ្វះខាត ដែលធ្វើឲ្យការដឹកជញ្ជូនដោយម៉ូតូឌុប និងតុតុឬម៉ូតូសណ្តោងរ៉ឺម៉ក មានប្រជាប្រិយ៏ភាព និងបានដើរតួរនាទីយ៉ាងល្អ សម្រាប់សេវាដឹកជញ្ជូន ប៉ុន្តែបច្ចុប្បន្ន ដោយសារឡាន និងប្រពន្ធ័ដឹកជញ្ជូនមានច្រើនប្រភេទ គឺអាតុតុ និងម៉ូតូឌុបមានការលំបាល តែមានចំនួនកាន់តែកើនឡើង គឺលើសពីតម្រូវការ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ ។ មន្ត្រីដដែលបានបន្តថា មកដល់ពេលនេះ អាជ្ញាធរមិនទាន់មានផែនការឬវិធាការអ្វីទាំងអស់ ប៉ុន្តែសម្រាប់ទិសដៅខាងមុខ អាចត្រូវរៀបចំកំរិតនៃការធ្វើចរាចរ ដូចជាការកំណត់ពេលវេលា និងទីតាំងដែលត្រូវចត ឬមិនគួរឲ្យចត តែបញ្ហានេះត្រូវសិក្សាលម្អិតជាមុនសិន ម្យ៉ាងត្រូវទប់ស្កាត់កុំឲ្យមានការបង្កើតបន្ថែមទៀត តែបញ្ហានេះមានការលំបាក ដែលគេបានផលិត និងនាំចូលពីខេត្ត តែសម្រាប់ភ្នំពេញ អាចទប់ស្កាត់បាន ។

មន្ត្រីរូបនោះ បានបញ្ជាក់ថា សម្រាប់ការកែឆ្នៃ ពុំមានការធានាខុសត្រូវផ្នែកបច្ចេកទេសឬត្រូវធានាសម្រាប់ការដឹងអ្នកដំណើរទេ នេះជាចំណុចដែលយើងខ្វះខាតតាំងពីដើមទីមក ដែលបញ្ហានេះ អាជ្ញាធរកំពុងយកចិត្តទុកដាក់ និងព្យាយាមរកវិធានការណាមួយសមស្រប ចំពោះការធ្វើចរាចរដូចបងប្អូនរាល់ថ្ងៃនេះក៏មិនទាន់ត្រូវដែរ ដូច្នេះបញ្ហានេះ អាជ្ញាធរនឹងត្រូវពិភាក្សាឲ្យបានម៉ត់ចត់ជាមុនសិន ៕ សំរិត

image1 image2


ចែករំលែក៖