ភ្នំពេញ ៖ រថយន្តកូរ៉េចំណុះ១តោនកន្លះមួយគ្រឿងបានរងការខូតខាតដាច់ក្បាលរថយន្ដចេញពីតួរ ចេញពីគ្នា ខ្ទាតប្រហែល៥ម៉ែត្រ ដោយសារតែបើកទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលខូចខាតចំនួន៣កង់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តកូរ៉េបង្កហេតុខាងលើ ដែលពាក់ស្លាកលេខ ភ្នំពេញ 2AH.4829 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរ៉េចង្កូតទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវទាំងកម្រោល បណ្តាលអោយរថយន្តបោកនឹងរបាំងថ្មជាច្រើនត្រឡប់ ដាច់ក្បាលរថយន្ដខ្ទាតចេញពីតួប្រហែល៥ម៉ែត្រ តែមនុស្សនៅក្នុងរថយន្តរងរបួសស្រាល មិនបានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
ក្រោយពីកើតហេតុតៃកុងរថយន្តនិងព្រូដែលជិះខាងក្នុងក្បាលរថយន្ដបានលូនចេញមកក្រៅហើយគេចខ្លួនចេញពីកន្លែងកើតហេតុ ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ធានទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញចរាចរណ៍ធ្វការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ជីម ភារ៉ា ដង្កោ