ខេត្តតាកែវ ៖ បន្ទាប់ពីមានការចុះផ្សាយ ជាបន្តបន្ទាប់តាមរយៈសារព័ត៌មាននិងការរិះគន់ខ្លាំងនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកពីករណីដែលមានក្រុម ប្រជាពលរដ្ឋបានដង្ហោយរកយុត្តិធម៌ជុំវិញរឿងរ៉ាវបុរស២នាក់ដែលត្រូវសាលាដំបូងខេត្តតាកែវឃុំខ្លួនដោយសារតែរឿងចូលទៅបាញ់សត្វកុកដើម្បីចិញ្ចឹមជីវិតនៅក្នុងដីចម្ការរបស់ឧកញ៉ា លី អាន ស្ថិតក្នុង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវនោះត្រូវបានសាលាដំបូងខេត្តតាកែវចេញដីកា បង្គាប់ឲ្យដោះលែងហើយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ដំណោះស្រាយនេះកើតឡើងបន្ទាប់ពីមានការសន្យាពីអ្នកនាំពាក្យក្រសួងយុត្តិ ធម៌លោក គឹម សន្តិភាព ដែលបានបញ្ជាក់ ថា ក្រសួងយុត្តិធ៌មនឹងមិនមើលរំលងរឿងនេះទេ ហើយនឹងធ្វើការងារផ្ទាល់ជាមួយស្ថាប័នតុលាការ(សាលាដំបូងខេត្តតាកែវ) ដើម្បីស្វែងរកយុត្តិធ៌មជូនប្រជាពលរដ្ឋ។
យោងតាមដីកាបង្គាប់ឲ្យដោះលែង របស់សាលាដំបូងខេត្តតាកែវដែលចេញកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បញ្ជាក់ថា លោកឡុង សិកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវសម្រេចថា ដោះលែងឈ្មោះ នាង កូ ហៅគោ អាយុ ៣៤ឆ្នាំ និងឈ្មោះ សុទ្ធ វ៉ែនតា អាយុ៣២ ឆ្នាំ មុខរបរធ្វើស្រែដូចគ្នាដែលអ្នកទាំង២ ជាប់ចោទពីបទរំលោភលើលំនៅឋាន ឲ្យនៅក្រៅឃុំ ហើយដីកានេះបានបង្គាប់ ឲ្យប្រធានមន្ទីរឃុំឃាំងខេត្តតាកែវដោះ លែងលោក នាង កូ ជាបន្ទាន់ ។
គួររំលឹកថា កសិករក្រីក្រទាំង២នាក់ មានកូនតូចៗក្នុងបន្ទុកប្រមាណ១០នាក់ មានទីលំនៅភូមិតាបូ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានមេការរបស់លោក ឧកញ៉ា លី អាន ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ សារតែពួកគេបានចូលទៅបាញ់សត្វកុកដោយចម្ពាមកៅស៊ូនៅក្នុងដីចម្ការរបស់លោកឧកញ៉ា លី អាន ស្ថិតក្នុងភូមិ-ឃុំ ខាងលើដើម្បីយកទៅលក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
ជុំវិញហេតុការណ៍ដ៏ហួសចិត្តនេះត្រូវបានអ្នកនិយមបណ្តាញសង្គមហ្វេសប៊ុកលើកឡើងថា ករណីនេះមិនគួរដាក់គុក ច្រវាក់បែបនេះទេ គួរត្រឹមតែអប់រំ ឬធ្វើកិច្ច សន្យាទៅបានហើយ ។ ជាពិសេសមហា ជនបានរិះគន់តុលាការខេត្តតាកែវថា គ្រាន់ តែអ្នកមានអំណាចជាឧកញ៉ាប្ដឹងភ្លាមគឺ ចាប់ភ្លាម ឃុំភ្លែតតែម្តង ។
ជនរងគ្រោះគ្រាដែលតុលាការឃុំខ្លួន ត្រូវបានក្រុមគ្រួសារទៅសួរសុខទុក្ខដែលក្នុងនោះមានទាំងកូនតូចទៅជាមួយផង មើលទៅគួរឲ្យអាណោចអាធ័មបំផុតមិនគួរ ណាត្រូវគេចាប់ដាក់គុកគ្រាន់តែបាញ់សត្វកុកដើម្បីជួយផ្គត់ផ្គង់គ្រួសារសោះ ។
ក្រុមអ្នកនិយមលេងហ្វេសប៊ុកបានចំអក ឡកឡឺយដល់ទង្វើរបស់ឈ្មោះ លី អាន ដែលជាឧកញ៉ាគ្មានមនុស្សធម៌ខាងលើនេះ ហើយបានបញ្ចេញយោបល់ និងចែក រំលែកតៗគ្នាមកថា « ឱ! លោកឧកញ៉ា អើយ! សូមលោកមេត្តាអហោសិកម្មឲ្យ កសិករក្រីក្រ២នាក់នេះផង បើលោកកើត ទុក្ខមិនសុខចិត្ត តើលោកខាតបង់អ្វីខ្លះប្រាប់ មកក្រុមហ្វេសប៊ុកខ្ញុំសុខចិត្តរៃលុយគ្នា សងទៅលោកឧកញ៉ាវិញ។ សូមលោក ឧកញ៉ាអប់រំគ្នាឲ្យធ្វើកិច្ចសន្យាទៅបានហើយ បើយកគ្នាទៅដាក់គុកបែបនេះ តើលោក ឧកញ៉ាសប្បាយចិត្តណាស់មែនទេដែលឃើញកូនៗតូច១០នាក់យំឲ្យរហង់? ហើយអស់លោកតុលាការក៏យ៉ាប់ដែរ ឧកញ៉ាប្ដឹងចាប់ភ្លែត គ្មានពិចារណាទៅលើព្យសនកម្មបទល្មើសបន្តិចសោះ» ។
ទាក់ទងករណីនេះនគរវត្តមិនអាចទាក់ទងសុំការបំភ្លឺពីឧកញ៉ា លី អាន បានទេ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រោះ គ្មានលេខទូរស័ព្ទ ៕ ហេង សូរិយា