ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច សាយ ឈុំ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ វិទ្យាល័យបាក់ទូក

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ វិទ្យាល័យបាក់ទូក ។

សម្តេច បានថ្លែងអំណរសរសើរ ចំពោះលទ្ធផលនៃការសិក្សា និងការប្រឡងរបស់សិស្សវិទ្យាល័យបាក់ទូក ក្នុងឆ្នាំសិក្សាកន្លងទៅនេះ ដែលមាន សិស្សចំនួន ៩៨ភាគរយ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ និងមានសិស្សចំនួន ៦៣,២២ភាគរយ បានប្រឡងជាប់មធ្យមសិក្សាប័ត្រភាគ២(មានចំនួនលើសពីផែនការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា…) ហើយដែលក្នុងចំនួននេះ មានសិស្សឆ្នើមប្រឡងជាប់និទ្ទេស A ចំនួន២៥រូប និងជាប់និទ្ទេស B ចំនួន៧៩រូប (គឺទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងទូទាំងប្រទេស សម្រាប់និទ្ទេសទាំង២ A និងB នេះ…)។

សម្តេច បានលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំបុគ្គលិកសិក្សា និងលោកគ្រួ អ្នកគ្រូ ទាំងអស់ សូមអោយបន្តខិតខំ គ្រប់គ្រង អប់រំ និងបង្ហាត់បង្រៀនសិស្ស បន្តទៀត ដើម្បីរក្សាកិត្តិយស កេរ្តិ៍ឈ្មោះ របស់វិទ្យាល័យផង និងរួមចំណែកអប់រំបណ្តុះបណ្តាលគ្រាប់ពូជបន្តវេនរបស់សង្គមជាតិ អោយកាន់តែមានចំណេះដឹង និងមានសមត្ថភាពខ្ពង់ខ្ពស់ រួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិយើង កាន់តែរីកចម្រើនតទៅ ។

ក្នុងឱកាសនោះ សម្តេចបានឧបត្ថម្ភ ១០លានរៀល លើកទឹកចិត្ត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា ទាំងអស់ ហើយសម្រាប់កម្មវិធីជួបជុំអតីតសិស្សវិទ្យាល័យបាក់ទូក ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ (ខាងមុខនេះ) ដើម្បីប្រមូលថវិកា ជួសជុលអាគារសិក្សា ក្នុងវិទ្យាល័យ ដែលរងការខូចខាតនោះ សម្តេចភក្តី នឹងចូលរួមវិភាគទានជាថវិកាមួយចំនួន សម្រាប់ការជួសជុលនោះ ៕

3 1 2


ចែករំលែក៖