ខេត្តកំពត៖ ពិធីសែនព្រេនមួយបាន ធ្វើឡើងរវាងកូនកំលោះវ័យ៥២ឆ្នាំជាមួយនឹងស្ត្រីវ័យ៤០ឆ្នាំដោយកំពុងមានការ ប្រោះព្រំពីព្រះសង្ឃ និងញាតិមិត្តជិតឆ្ងាយខាងក្រុមគ្រួសារខាងស្រីផងនោះ ស្រាប់តែប្រពន្ធមកទាន់ទូរស័ព្ទហៅសមត្ថកិច្ច ឲ្យមកឃាត់ខ្លួនប្តីកំហូចគ្រាដែលប្រពន្ធ បានប្តឹងសមត្ថកិច្ចមុនរួចហើយដោយសារតែសង្ស័យប្តីបែកចិត្តទោរកស្រីថ្មី ។
ករណីដ៏អាម៉ាស់ដែលប្រពន្ធតាមទាន់ប្តីកំពុងសែនព្រេនជាមួយស្រីថ្មីនេះបានបង្កការភ្ញាក់ផ្អើល នៅព្រលប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិដំបងក្រាស់ ឃុំកំពង់ ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមមន្ត្រីនគរបាលដែលបានចុះទៅ ឃាត់ខ្លួនជនសង្ស័យប្រាប់ឲ្យដឹងថា បុរសដែលលួចមកសែនព្រេនជាមួយស្រីថ្មីផិតក្បត់ប្រពន្ធដោយខុសច្បាប់នេះឈ្មោះ ទេព ផាត អាយុ៥២ ឆ្នាំ មានមុខរបរជាគ្រូបង្រៀន រស់នៅភូមិ កន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ រីឯស្ត្រីដែលកំពុងរៀបចំសែនព្រេនជាមួយបុរស កំហូចនេះឈ្មោះ ច្រឹប អាយុប្រហែលជាង ៤០ឆ្នាំ រស់នៅភូមិ -ឃុំកើតហេតុខាងលើ។
ស្ត្រីឈ្មោះ ជា វណ្ណឌឿន អាយុ៥៣ឆ្នាំ ជាប្រពន្ធបុរសកំហូចបានរៀបរាប់ថា នៅ អំឡុងពេលចុងក្រោយ ពោលគឺប៉ុន្មានខែនេះប្តីរបស់គាត់មានកាយវិការប្លែកៗមក ផ្ទះមិនទៀងទាត់ ហើយពេលមកដល់ផ្ទះ ជួនរករឿងប្រពន្ធកូនបង្ករឿងឈ្លោះក្នុង គ្រួសារមិនចេះចប់ខុសប្លែកពីធម្មតា និង ពេលមុនៗ។ ស្ត្រីជាភរិយាបន្តថា ដោយសារតែគាត់រស់នៅជាមួយប្តីច្រើនឆ្នាំមកហើយៗ មិនដែលឃើញកាយវិការ និងអត្តចរិតបែបនេះក៏កើតគំនិតតាមដានរហូត មានការសង្ស័យ និងបានទៅដាក់ពាក្យ បណ្តឹងទប់ស្កាត់ជាមុន។ លុះដល់ព្រលប់ថ្ងៃខាងលើដោយមានសង្ស័យគាត់ក៏បានឃ្លាំចាំមើលរហូតឃើញប្តីរបស់គាត់កំពុងតែក្រាបផ្ទឹមជាមួយនឹងស្ត្រីឈ្មោះ ច្រឹប ក្រោមការប្រោះព្រំទទួលទឹកមន្តពីព្រះសង្ឃ២អង្គនោះទៀតផង។ នៅពេលឃើញ ដូច្នេះរូបគាត់បានទូរស័ព្ទប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនប្តីក្បត់ចិត្តប្រពន្ធនេះដើម្បីសួរនាំនិងដោះស្រាយទៅតាមផ្លូវច្បាប់ ។
ស្ត្រីជាភរិយាបានបន្ថែមថា បើតាមគាត់ សើុបដឹងស្ត្រីឈ្មោះ ច្រឹប ដែលបាននិងកំពុង បត់ជើងសែនព្រេនជាមួយនឹងប្តឹគាត់នេះជាស្ត្រីម្នាក់មានប្តីជាអាណិកជនយកគ្នាច្រើនឆ្នាំមកហើយៗថែមទាំងមានកូនប្រុស ម្នាក់អាយុ១២ឆ្នាំថែមទៀតផង។ ថ្មីៗកន្លង ទៅនេះគាត់បានដឹងថា បុរសអាណិកជនខាងលើនេះបានមកស្រុកខ្មែរ ហើយទើបនឹងសាងសង់ផ្ទះឲ្យស្ត្រីឈ្មោះ ច្រឹប នេះ រស់នៅផង ។
អ្នកភូមិបាននិយាយថា ករណីខាងលើនេះអាចមិនមែនកំហុសរបស់ស្ត្រីឈ្មោះ ច្រឹប នោះទេតែអាចបណ្តាលមកពីបុរស វ័យ៥២ឆ្នាំឈ្មោះ ទេព ផាត លួងលោម កុហកស្ត្រីឈ្មោះ ច្រឹប ឲ្យលង់ស្នេហ៍ ហើយ គ្រាដែលរដូវនេះជាខែកត្តិកធ្លាក់ខ្យល់ពី ជើងរងាចុងដៃរងាចុងជើងផងទើបរកគ្នា ឲ្យមានភាពកក់ក្តៅ។ ម៉្យាងទៀតបើទោះជាស្ត្រីខាងលើនេះមានប្តីជាអាណិកជនក៏ពិតមែន តែនេះទំនងគ្រាន់តែជិះក្របីចម្លងភក់ប៉ុណ្ណោះ ។
ជុំវិញករណីប្រពន្ធតាមទាន់ប្តីកំពុងសែន ព្រេនជាមួយស្រីថ្មីនេះអ្នកយកព័ត៌មាននគរ វត្តមិនអាចរកការបំភ្លឺពីលោក ទេព ផាត ដែលលួចមកធ្វើទង្វើខុសច្បាប់ក្នុងឋានៈជាគ្រូបង្រៀន ហើយក្បត់ប្រពន្ធរៀបការ នឹងស្រីថ្មីនេះបានទេ កាលពីរសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមច្បាប់ឯកពន្ធភាពបានចែងថា បុរសកម្ពុជាមិនអាចមានប្រពន្ធ២ក្នុងពេលតែ មួយបានទេ ដរាបណាប្រពន្ធទី១មិនទាន់ត្រូវបានផ្តាច់មគ្គសង្វាសតាមផ្លូវតុលាការ៕ សហការី