ភ្នំពេញ៖ ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ដោយស្រែកថា «ហ្អែងដឹងថាអញកូននរណាអត់» ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺជាកូនប្រុសលោកវេជ្ជបណ្ឌិត (Doctor) នៅខណ្ឌសែនសុខ និងរូបគេជាមន្រ្តីយោធាផងដែរ។
ក្មេងស្ទាវរូបនេះមានមិត្តភក្តិមួយចំនួន សុទ្ធតែកូនអ្នកធំ និងអ្នកមានផងដែរ ដែលមានគណនី Facebook ឈ្មោះ «Ya Ko Sa (Me Phea)»។ មូលហេតុដែលរូបគេបានប្រើពាក្យសម្តីបែបនេះដោយសារតែស្រវឹងខ្លាំង។ នៅពេលនេះក្មេងស្ទាវខាងលើ កំពុងស្ថិតក្រោមការសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។
សូមបញ្ជាក់ថា ក្មេងស្ទាវឈាមរាវម្នាក់ទំនងជាកូនអ្នកធំ ឬកូនអ្នកមានទ្រព្យសម្បត្តិ ដែលមានអាការ:ស្រវឹងស្រាខ្លាំង បានបើករថយន្តទៅបំបុករថយន្ត របស់លោកឧត្តមសេនីយ៏ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់ ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ ពីកម្លាំងអាវុធ ហត្ថខណ្ឌ ចុះទៅតាមចាប់យក ទៅដោះស្រាយតាមច្បាប់ ៕ ស ដារ៉ា