ភ្នំពេញ ៖ ទីតាំងកោសជប់គិតចាប់ពី កែងផ្លូវលេខ២៧១ តាមបណ្តោយផ្លូវលេខ ៣៧១ក្នុងភូមិសាស្ត្រពីរសង្កាត់គឺសង្កាត់ ស្ទឹងមានជ័យ និងសង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ភាគច្រើនលួចលាក់បង្កប់ធ្វើអាជីវកម្មផ្លូវភេទ ដោយម្ចាស់ទីតាំងទាំងនោះ និយាយថាពួកគាត់បានបង់លុយឲ្យក្រុមសមត្ថកិច្ចក្នុងមូលដ្ឋានប្រចាំខែ ។
ចំនួនទីតាំងកោសជប់ម៉ាស្សានៅតាម បណ្តោយផ្លូវលេខ៣៧១ មានមិនតិចជាង ៤០កន្លែងនោះទេ នេះបើគិតចាប់តាំងពីកែងភ្លើងស្តុបផ្លូវលេខ២៧១ កែងផ្លូវលេខ៣៧១រហូតមកដល់ស្ពានដែកភូមិប្ញស្សី សង្កាត់ ស្ទឹងមានជ័យ ។ ទីតាំងកោសជប់ម៉ាស្សា ខ្លះគេបើកធ្វើអាជីវកម្មតែពេលយប់ និងខ្លះបើកធ្វើអាជីវកម្មទាំងយប់ទាំងថ្ងៃ ហើយ នៅក្នុងទីតាំងនីមួយៗមានស្ត្រីកោសជប់ ៥នាក់ និងកន្លែងខ្លះ៧ឬ៨នាក់ ហើយពួកនាងៗទាំងនោះទទួលកម្រៃជើងសាថ្លៃ ប្រាក់ឈ្នួលកោសជប់ម៉ាស្សាឲ្យភ្ញៀវបានត្រឹមតែ៣.០០០រៀលប៉ុណ្ណោះ ក្នុងតម្លៃ ១០.០០០រៀល ។
ស្ត្រីកោសជប់ម៉ាស្សានៅហាងការ៉េ៤ផ្លូវលេខ៣៧១និយាយថា នាងកោសជប់ ម៉ាស្សាបានគ្រឹះតែ៣.០០០ទៅ៤.០០០ រៀល ហើយក្រៅពីនោះបង់ឲ្យថៅកែថ្លៃ ម្ហូប ។ ដោយឡែកបើនាងចង់រកស៊ីក្រៅជាសិទ្ធិរបស់នាងមិនមានការបង្ខិតបង្ខំនោះទេ តែនាងត្រូវបង់ឲ្យថៅកែហាងខ្លះ ព្រោះថាថៅកែនាងត្រូវការបង់ឲ្យសមត្ថកិច្ច ប្រចាំខែផងដែរ ។ ស្ត្រីដដែលបន្តថា បើ មិនធ្វើដូច្នោះចាយមិនគ្រប់ទេ ។
គួររំលឹកថា ហាងកោសជប់ម៉ាស្សាខ្លះបង្កបញ្ហាស្មុគស្មាញយ៉ាងខ្លាំងដូចជាលួចលុយភ្ញៀវហើយម្ចាស់ហាងមិនទទួលខុសត្រូវ ។ នៅពេលមានសមត្ថកិច្ចចុះអន្តរាគមន៍ក៏មិនឃើញទទួលលទ្ធផលអ្វីដែរនាំឲ្យមានការរិះគន់ថាសមត្ថកិច្ច ត្រូវរ៉ូវគ្នា ។
ពាក់ព័ន្ធនឹងករណីខាងលើ អធិការនគរបាលខណ្ឌមានជ័យលោកវរសេនីយ៍ទោ តេង ស៊ីណូ បានបញ្ជាក់ថា លោកពុំដែល ដឹងបញ្ហាទាំងនេះទេ ហើយកន្លងទៅមានមន្ត្រីប៉ុស្តិ៍ម្នាក់ដើរយកលុយកាក់ពីកន្លែងល្បែង និងទីតាំងទាំងនេះមែន។ តែឥឡូវសមត្ថកិច្ចយើងបានចាប់ដាក់គុកហើយ អ៊ីចឹងនៅពេលនេះមានអ្នកណាទៀត។ ម្ចាស់ទីតាំងទាំងនោះចេះតែថាឲ្យតែរួចពី មាត់ហ្នឹង ។
ជាមួយគ្នានេះផងដែរ លោក ឌី រ័ត្នខេម រុណ អភិបាលរងខណ្ឌមានជ័យក៏បាន បញ្ជាក់បន្ថែមជុំវិញបញ្ហាទីតាំងកោសជប់ម៉ាស្សាខាងលើនេះថា កន្លងទៅលោកបាន យកចិត្តទុកដាក់បញ្ហានេះ ដោយចាត់ឲ្យកម្លាំងឃ្លាំមើលនិងចាត់វិធានការផងដែរ ។ លោកក៏បានទទួលស្គាល់ថាទីតាំងម៉ាស្សាកោសជប់នេះខ្លះពិតជាមានដូច្នោះមែន តែមានតែ២ទៅ៣ផ្ទះប៉ុណ្ណោះទេ ហើយលោកនឹងដឹកនាំចុះធ្វើរដ្ឋបាលនៅថ្ងៃណាមួយក្នុងពេលឆាប់ៗនេះតែទាំងនោះនៅពេលកម្លាំងយើងចុះទៅគឺវាមិនហ៊ានទេ បានត្រឹមតែែលួចលាក់តាមក្រោយ ។
ទោះបីជាយ៉ាងនេះក្តី ទីតាំងម៉ាស្សាកោសជប់ត្រូវបានគេកត់សម្គាល់ថា ភាគច្រើនគ្រាន់តែជាលេសជ្រកក្រោមស្លាកម៉ាស្សាកោសជប់ប៉ុណ្ណោះ តាមពិតស្ត្រីរកស៊ីអាជីវកម្មផ្លូវភេទបាននាំគ្នាមករកស៊ីបែបនេះជាបន្ត បន្ទាប់មិនមាន ជំនាញកោសជប់ម៉ាស្សា នោះទេ ដោយពួកគេផ្តេកផ្តួលទៅលើជីវភាពរបស់ខ្លួនហើយរកការងារសមរម្យមិនបានទើបពួកគេអាចបង្ខំចិត្តធ្វើយ៉ាងដូច្នេះ ៕ តាឡឹម