ព័ត៌មានទាន់ហេតុការណ៍៖

ការទារថ្លៃភាស៊ីគ្រប់ផ្សារទូទាំងខេត្តតាកែវសុទ្ធតែលើសសៀវភៅបន្ទុក

ចែករំលែក៖

ខេត្តតាកែវ ៖ អស់ពីចងមុងលក់ពាក្យដេញថ្លៃភាស៊ីនានានៅក្នុងខេត្តតាកែវរបស់ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្រាប់តែផ្ទុះរឿងដេញថ្លៃថាមានភាពមិនប្រក្រតីបន្ថែមទៀត ។

កាលពីចុងសប្ដាហ៍កន្លងទៅនេះក្នុង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវបានធ្វើពិធីដេញថ្លៃលើភាស៊ីផ្សារមួយចំនួនរួមទាំងភាស៊ីសត្តឃាតផងនោះត្រូវបានក្រុមប្រជាពលរដ្ឋរួមទាំងក្រុមមន្រ្តីជំនាញពាក់ព័ន្ធ ទម្លាយឲ្យដឹងថាមានភាពមិនប្រក្រតីជាច្រើននៅពីខាងក្រោយខ្នង ។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ផ្សារនៅខេត្តតាកែវចំនួន៩ផ្សាររួមទាំងភាស៊ីសត្តឃាតទូទាំងខេត្តតាកែវផងត្រូវបានដាក់ឲ្យដេញថ្លៃតែការដេញថ្លៃនោះគឺត្រូវបានខាងអាជ្ញាធរខេត្តតាកែវរួមទាំងលោកប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវរៀបចំធ្វើជាលក្ខណៈប្រព័ន្ធពុក រលួយបក្ខពួកនិយម ។

សេចក្ដីរាយការណ៍បានបន្តទៀតថា ការដេញថ្លៃភាស៊ីខាងលើមិនមានអ្នកចូលរួមជាសាធារណៈទេគឺមានតែក្រុមបក្ខពួកដែលខាងអាជ្ញាធរខេត្ត និងមន្ទីររៀបចំទុកតែ ប៉ុណ្ណោះ ជាពិសេសគឺការដេញថ្លៃភាស៊ីសត្តឃាតគឺមានតែមនុស្សពីរនាក់គត់ដែលដេញថ្លៃបាន ។

បើយោងតាមការទម្លាយឲ្យដឹងពីក្រុមមន្រ្តីពាក់ពន្ធ័ដែលបានចូលរួមដេញថ្លៃភាស៊ីខាងលើបាននិយាយថាអ្នកដែលមានសិទ្ធិដេញថ្លៃភាស៊ីខាងលើគឺមុនពេលដេញថ្លៃភាស៊ីគេបានទំនាក់ទំនងទៅអាជ្ញាធរខេត្តនិងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ រួចរាល់អស់ហើយ ហើយការដេញថ្លៃគ្រាន់តែជាការរៀបចំឆាកល្ខោនឲ្យល្អមើលនិងបំភ័ន្តភ្នែករដ្ឋាភិបាលែប៉ុណ្ណោះ ។

ជុំវិញករណីខាងលើលោក ចាន់ រស្មី ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវបានឲ្យដឹងថា ករណីខាងលើលោកមិនបានដឹងរឿងច្រើននោះទេលោកគ្រាន់តែជាអ្នកលក់ពាក្យដោយធ្វើទៅតាមតួនាទីរបស់លោកតែ ប៉ុណ្ណោះ ។ ចំណែករឿងដេញថ្លៃមានភាពមិនប្រក្រតីគឺសួរទៅលោកហោ ប៊ុនវឌ្ឍ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តាកែវ ។

ពាក់ពន្ធ័ករណីនេះអ្នកយកព័ត៌មាននគរវត្តមិនអាចសុំការបំភ្លឺពីលោកហោ ប៊ុនវឌ្ឍប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវបានទេ ដោយទូរស័ព្ទចូលមិនមានអ្នក ទទួល ៕ ជីសូរកា

aes-3 aes aes-1 aes-2


ចែករំលែក៖