ខេត្តបាត់ដំបង៖ ជនសង្ស័យមុខសញ្ញាគ្រឿងញៀនគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ និងជិះម៉ូតូឆក់ខ្សែក ពលរដ្ឋនៅក្រុងបាត់ដំបងយ៉ាងសកម្មសរុបចំនួន៣នាក់ ត្រូវបាន កម្លាំងនគរបាលក្រុងបាត់ដំបងស្រាវជ្រាវស៊ើបអង្កេត បង្រ្កាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យទាំង៣នាក់នោះបានធ្វើសកម្មភាព គាស់ផ្ទះ និងឆក់ខ្សែក ពលរដ្ឋបានសម្រេចក្នុងហេតុការណ៍២ករណីផ្សេងគ្នា។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុបាត់ដំបងប្រាប់ឱ្យដឹងថា ជនសង្ស័យដែលជាមុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិ ចំនួន១នាក់ហើយជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន មានឈ្មោះ ស៊ីម ទិត្យ ភេទប្រុសអាយុ៣២ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រងការចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ ខែតវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះសំណាក់វល័ក្ខ ក្រោយពីជនសង្ស័យរូបនេះបានចូលធ្វើសកម្មភាពគាស់ទ្វារផ្ទះម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ វ៉ាន់ រស្មី ភេទស្រី អាយុ២៣ឆ្នាំ ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្នុងចន្លោះម៉ោង១ យប់អធ្រាត្រ ទៅម៉ោង៥និង៣០នាទីព្រឹកឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈម្ចាស់ផ្ទះដេកលក់ ស្កប់ស្កល់ ។
ទ្រព្យសម្បត្តិដែលជនសង្ស័យលួចយកទៅជាមួយរួមមានប្រាក់៨០០ដូល្លា ទូរស័ព្ទដៃស្មាតហ្វូនចំនួន៣គ្រឿង ប្រាក់ខ្មែរ ៨ម៉ឺនរៀល និងគ្រឿងសម្ភារៈមួយចំនួនទៀត ។ នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានបានតែទូរស័ព្ទស្មាតហ្វូន៣គ្រឿង ថ្នាំញៀន១កញ្ចប់តូច ចំណែកប្រាក់ដុល្លារ និងប្រាក់ខ្មែរ ត្រូវបានជនសង្ស័យយកទៅទិញថ្នាំញៀននិងផឹកស៊ីចាយវាយអស់ និងរកឃើញវត្ថុតាងសោនិងទូណាវីសជាឧបករណ៍ប្រើប្រាស់គាស់ផ្ទះមួយចំនួនផងដែរ។ទ្រព្យសម្បត្តិខាងលើក៏ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់ដើមវិញនោះហើយ ។
ដោយឡែកជនសង្ស័យ២នាក់ទៀតជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនធ្លាប់ជិះម៉ូតូឆក់ខ្សែកពលរដ្ឋបានសម្រេចបាន៥លើកមកហើយ មានឈ្មោះ អ៊ុន សោភា ភេទប្រុសអាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងឈ្មោះ ស៊ឹង វិរៈ ភេទប្រុសអាយុ ២៩ឆ្នាំ គ្មានមុខរបរពិតប្រាកដពួកគេរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង រងការចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នា២០១៦ក្រោយពីជនស្ស័យទាំង២នាក់បានជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាពឆក់ខ្សែក ស្រ្តីម្នាក់ដែលកំពុងជិះម៉ូតូជាមួយប្តីបានសម្រេច កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច រង្វង់មូលជិះសេះ ស្ថិក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
ជាមួយនិងការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានម៉ូតូជនសង្ស័យ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ ១គ្រឿង ម៉ូតូនេះជាមធ្យោបាយសម្រាប់ជនស្ស័យជិះធ្វើសកម្មភាព ។ ចំណែកខ្សែកដែលពួកគេឆក់បាននោះ ត្រូវបានជនសង័យយកទៅលក់បានប្រាក់ចាយវាយអស់ទៅហើយ ។ ជនសង្ស័យទាំង៣នាក់ក្នុងអំពើឆក់ខ្សែក និងលួចគាស់ផ្ទះពលរដ្ឋ ក៏បានឆ្លើយសារភាពទទួលកកំហុសរបស់ពួកគេ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង កសាងសំណុំរឿង ចាប់បញ្ជូនួទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅ ចាត់ការតាមនីតិវិធីច្បាប់ ៕ សំ វិច្ឆិកា