ភ្នំពេញ៖ យ៉ាងហោចណាស់នៅមានតារាស្រី៣រូបគឺកញ្ញា អាលីយ៉ា កញ្ញា ពេជ្រ អាវីហ្សា និងកញ្ញា វ៉ាន់ នីឡា នៅមិនទាន់ ទទួលបានយុត្តិធម៌នៅឡើយពីការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរពីអតីតគូស្នេហ៍។ មហាជននៅតែបន្តតាមដាននិងចង់ឃើញយុត្តិធម៌សម្រាប់សិល្បការិនីដែលទន់ខ្សោយហើយរងការរំលោភបំពានសិទ្ធិពីសំណាក់បុរស។
កញ្ញា អាលីយ៉ា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលសាជាថ្មីក្រោយពីនាងដាច់ចិត្តទម្លាយអំពីការទទួលរងអំពើហិង្សាដោយការវាយធ្វើបាបពីបុរសម្នាក់អស់រយៈពេល២ឆ្នាំមកហើយ ហើយពេលនេះនាងនៅ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ នាង ត្រូវបានបុរសម្នាក់ជាជនជាតិខ្មែរសញ្ជាតិអាមេរិកវាយធ្វើបាប ហើយនាងបានព្យាយាមស្វែងរកផ្លូវច្បាប់ដើម្បីជួយដោះស្រាយប៉ុន្តែមិនទទួលបានលទ្ធផលព្រោះតែនាងមិនមានលុយគ្រប់គ្រាន់ឲ្យទៅមន្ត្រីដែលធ្វើការងារនេះហើយនាងកាត់តែទទួលបានការចំអកយ៉ាងខ្លាំងពីបុរសម្នាក់នោះថាមិនមានលទ្ធភាពយក្នុងការធ្វើឲ្យមន្ត្រីសមត្ថកិច្ច កម្ពុជានាំខ្លួនគេមកកាន់ទោសនោះ។ តារាស្រីរូបនេះនៅតែទទូចទាមទាររកយុត្តិធម៌ដដែលបើទោះបីជាមានពន្លឺដ៏ស្តួចស្តើង សម្រាប់រូបនាងក៏ដោយ។
តារាសម្តែង ពេជ្រ អាវីហ្សាហៅ ម៉ី វិញក៏បានធ្វើឲ្យកក្រើកអស់មហាជនក្រោយពីនាងរងនូវហិង្សាយ៉ាងព្រៃផ្សៃពីអតីតសង្សារ រហូតបែកមុខមាត់និងបន្សល់ស្នាមរបួសស្ទើរពេញរាងកាយ។ ករណីរបស់តារា សម្តែងរូបនេះទទួលបានការឈឺឆ្អាលច្រើនបើទោះបីជានាងមិនហ៊ានតតាំងផ្នែកផ្លូវ ច្បាប់ជាមួយនឹងអតីតគូស្នេហ៍ដែលគេដឹងថាធ្លាប់អាងលុយកាក់ និងអំណាចបងថ្លៃមានងារជាឧកញ៉ាល្បីឈ្មោះនោះក៏ដោយ។
ចុងក្រោយអតីតសង្សារនាងឈ្មោះ គៀង ហេង ហៅហ៊ាហេង ត្រូវបានចៅក្រមស៊ើបសួររបស់តុលាការខេត្តព្រះសីហនុ សម្រេចឃាត់និងឃុំខ្លួនបណ្តោះអាសន្ន និងដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទហិង្សាដោយចេតនាដែលជាបទល្មើសព្រហ្ម ទណ្ឌ។
ទោះជាយ៉ាងនេះក្តីគេនៅមិនទាន់ដឹងថា ប្អូនថ្លៃលោកឧកញ៉ាទ្រី ភាពនេះនឹងត្រូវតុលាការខេត្តព្រះសីហនុកាត់ទោសទៅ តាមផ្លូវច្បាប់កម្រិតណានៅឡើយ។
ងាកមកករណីតារាចម្រៀង វ៉ាន់ នីឡា វិញនាងបានជួបរឿងអាស្រូវដោយមាន ជនទម្លាយរូបអាក្រាតកាយកាលពីអំឡុងខែមិថុនាឆ្នាំនេះ។ រូបថតទាំងនោះត្រូវកញ្ញា ទទួលស្គាល់ថាគឺជារូបពិតដោយសារតែ មុនទម្លាយចេញនូវរូបថតអាស្រូវទាំងនេះ កញ្ញាគឺបានប្រកាសថាមានរឿងឈ្លោះគ្នាខ្លាំងក្លាជាមួយអតីតសង្សារដោយបុរសម្នាក់នោះបានគំរាមរូបនាងដើម្បីបង្ហោះរូបថតអាក្រាត។ បណ្តឹងរបស់តារាស្រីរូបនេះត្រូវបានទៅដល់ដៃតុលាការជាមួយនឹង ការចេញមុខជួយគាំទ្រច្រើនពីបណ្តាសមាគមសិល្បៈនានាផងដែរ។ តារាចម្រៀង រូបនេះកំពុងរង់ចាំស្តាប់ ពីមេធាវីដែល ចៅក្រមហៅជនសង្ស័យឲ្យចូលទៅតុលា ការក្រោយពីមិនបានចូលខ្លួន៤ដងមកហើយ ខណៈដែលលោក គុយ សិទ្ធិស័ក្តិ ជាកូន ប្រុសឧត្តមសេនីយ៍ផ្កាយ៣។
ក្រោយពីតុលាការបើកការស៊ើបអង្កេតនិងបានសម្រេចចោទប្រកាន់ទៅលើអតីតមិត្ត ប្រុសរបស់នាងគឺលោក គុយ សទ្ធិស័ក្តិ ចំនួនពីរករណីដែលករណីទីមួយគឺការបង្ហោះរូបអាក្រាតនិងករណីទី២ការប្រើហិង្សាដោយចេតនានោះរួចមកនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះតុលាការបានចេញដីកាកោះហៅឲ្យចូលខ្លួនបំភ្លឺជាថ្មីខណៈកន្លងមកជនសង្ស័យរូបនេះបានបន្តគេចខ្លួនមិនចូលចំនួន៤លើករួចមកហើយ។ នាងសង្ឃឹមលើច្បាប់របស់ប្រទេសកម្ពុជាហើយយុត្តិធម៌សម្រាប់នាងនឹងកើតមានឡើង៕ វឌ្ឍនា