ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសសាលដីកាស្ថាពរបណ្តឹងសាទុក្ខ សំណុំរឿង០០២ថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា(អ.វ.ត.ក)នឹងប្រកាសសាលដីកា ស្ថាពរលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹកនៅសាល សវនាការរបស់ អ.វ.ត.ក ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលា ក្តីខ្មែរក្រហមបានថ្លែងថា ជាថ្ងៃប្រវត្តិសាស្ត្រ ថ្មីមួយទៀតរបស់សាលាក្តីខ្មែរក្រហម។ លោកបានចាត់ទុកថាជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់សាលាក្តីខ្មែរ ក្រហម ក៏ដូចជារបស់មនុស្សជាតិទាំងមូល នៅក្នុងដំណើរការស្វែងរកការពិតនិងយុត្តិធម៌នៅកម្ពុជារយៈពេលជាង៣៧ឆ្នាំក្រោយ ការដួលរលំទៅនៃរបបខ្មែរក្រហមនៅ កម្ពុជា ។

លោក នេត្រ ភក្ត្រា បានថ្លែងថា នៅថ្ងៃ ប្រកាសសាលដីកាស្ថាពរនេះសាធារណ ជនមន្ត្រីរាជរដ្ឋាភិបាលមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីអង្គទូត និងជនរងគ្រោះជិត ១.០០០នាក់នឹងចូលរួមស្តាប់ការប្រកាសសាលដីកាជាប្រវត្តិសាស្ត្រនេះ។ ជាមួយគ្នា នេះដែរស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ននឹងផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ហើយស្ថានីយវិទ្យុ និងទូរទស្សន៍ មួយចំនួនទៀតនឹងផ្សាយបន្តផ្ទាល់ផងដែរ។ លោកបន្តថា ការប្រកាសសាលដីកាស្ថាពរក្នុងសំណុំរឿង០០២/០១ នៅថ្ងៃទី ២៣ ខែវិច្ឆិកា នឹងបង្ហាញថាតើជនជាប់ ចោទ នួន ជា និងខៀវ សំផន ដែលត្រូវ បានអង្គជំនុំជម្រះសាលាដំបូងរកឃើញថាមានពិរុទ្ធភាព និងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត តើនឹងមានការ សម្រេចបែបណាពីអង្គជំនុំជម្រះតុលាការកំពូលបន្ទាប់ពីបានស្តាប់ទឡ្ហីករណ៍អង្គ ច្បាប់ និងបានស្តាប់ភស្តុតាងថ្មីៗមួយចំនួនរួចមក ។ សាលដីកាដែលនឹងប្រកាសនេះគឺជាសាលដីកាស្ថាពរបិទផ្លូវតវ៉ា ។

សូមរំលឹកថា សំណុំរឿង០០២/០១គឺជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះ យ៉ាងតិច២ប្រឆាំងនឹង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្ត កម្ពុជា។ បទចោទក្នុងសំណុំរឿង០០២/០១ ផ្តោតលើបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅក្នុងអំឡុងពេលជម្លៀស នៅទីក្រុងភ្នំពេញក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀតរួមទាំងការកាប់សម្លាប់អតីត មន្ត្រីរដ្ឋការសម័យ លន់ នល់ នៅទួល ពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ អង្គ ជំនុំជម្រះសាលាដំបូងរកឃើញថា ជនជាប់ ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំង

នឹងមនុស្សជាតិ និងបានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារជនជាប់ចោទទាំង២អស់ មួយជីវិត។ នួន ជា និង ខៀវ សំផន បានធ្វើ បណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដោយម្នាក់ៗ បានលើកទឡ្ហីករណ៍បណ្តឹងសាទុក្ខរៀងៗខ្លួនចំនួន២២៣ និង១៤៨ ។ សហព្រះរាជ អាជ្ញាក៏បានដាក់បណ្តឹងសាទុក្ខដោយកម្រិត ត្រឹមតែការស្វែងរកដំណោះស្រាយទាក់ ទងនឹងភាពអាចអនុវត្តបានទម្រង់ពង្រីក បន្ថែមនៃសហឧក្រិដ្ឋកម្មរួមដែលហៅថា “សហឧក្រិដ្ឋកម្មរួមទម្រង់ទី III” (JCE III) នៅចំពោះមុខ អ.វ.ត.ក ៕ សហការី

10586887845_00af77b525_o


ចែករំលែក៖