ខេត្តប៉ៃលិន ៖ បុរសម្នាក់ផឹកស្រាស្រវឹងជោក បើកម៉ូតូលឿន រេចង្កូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ដួលបោកក្បាលនឹងថ្នល់ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចស្ពានតារាម តាមផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិអូរច្រាជើង សង្កាត់ទួលល្វា ក្រុង- ខេត្តប៉ៃលិន។
មន្ត្រីនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អួន វិត អាយុ២៨ឆ្នាំ មុខរបរជាងសំណង រស់នៅភូមិព្រលាន សង្កាត់អូរតាវ៉ៅ ក្រុង- ខេត្តប៉ៃលិន ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម សេរីចាស់ គ្មានស្លាកលេខ។
តាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន ផឹកស៊ីនៅកន្លែងធ្វើការងាររហូតស្រវឹងជោកជាំ បន្ទាប់មកបានបើកម៉ូតូយ៉ាងលឿន ក្នុងទិសដៅពីជើង ទៅត្បូង។ លុះដល់កន្លែងកើតហេតុ ស្រាប់តែបើកម៉ូតូរ៉េទៅប៉ះប្រកាន់ដៃស្ពាន រួចរ៉េចង្កូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ នៅសងខាងផ្លូវបណ្តាលឲ្យដួលម៉ូតូនិងមនុស្សបោកក្បាលរបួសធ្ងន់ ត្រូវបានគេ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីជួយសង្គ្រោះតែម្តង។
បច្ចុប្បន្ន ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីដោះស្រាយសងការខូចខាតស្លាកសញ្ញាចរាចរណ៍និងបង្កាន់ដៃស្ពានដែលជាសម្បតិ្តរបស់រដ្ឋ៕ ស សារ៉េត