ភ្នំពេញ៖ ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់កុមារីរងគ្រោះ បាននាំគ្នាព្រួតវាយទៅលើអាចារ្យ២នាក់ ដែលដើររៃអង្គាសនៅក្នុងរាជធានីភ្នំពេញ ដែលករណីវាយទៅលើអាចារ្យទាំង២រូបនេះ ដោយសារតែជនសង្ស័យប៉ងរំលោភលើកុមារីរងគ្រោះ អាយុ១០ឆ្នាំ ដែលរស់នៅជាមួយនឹងជីដូន ។
ករណីនេះបានភ្ញាក់ផ្អើលនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលរបស់កុមារីរងគ្រោះតាមបណ្តោយផ្លូវរថភ្លើងក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ កុមារីរងគ្រោះ ឈ្មោះ ត.ស.ហ. អាយុ១០ឆ្នាំ ស្រុកកំណើតខេត្តកំពង់ស្ពឺ ។ ចំណែកជនសង្ស័យប៉ុនប៉ងរំលោភមិនបានសម្រេចនោះមានឈ្មោះ ទុយ ទីង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាអាចារ្យដើររៃអង្គាស ស្នាក់នៅផ្ទះជួលសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើតឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ អៀង អុល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ និងទីលំនៅជាមួយជនសង្ស័យ ទុយ ទីង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលជាប់ពាក់ព័ន្ធករណីរំលោភកុមារីរងគ្រោះខាងលើនេះ បន្ទាប់ពីការសួរនាំ អ្នកដែលជាប់ពាក់ព័ន្ធ គឺឈ្មោះ ទុយ ទីង រីឯឈ្មោះ អៀង អុល មិនបាននៅផ្ទះជនរងគ្រោះឡើយ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រវាងជនសង្ស័យដែលជាអាចារ្យដើររៃអង្គាស រួមជាមួយម្តាយកុមារីរងគ្រោះជាអ្នកស្គាល់គ្នា ហើយធ្លាប់ដើររៃអង្គាសជាមួយគ្នាផង ។ លុះមុនកើតហេតុ ម្តាយក្មេងស្រីមិនបាននៅផ្ទះ ដោយទុកកូនឲ្យនៅជាមួយនឹងយាយ ហើយខណៈនោះជនសង្ស័យឈ្មោះទុយ ទីង ក៏បានមកផ្ទះកុមារីរងគ្រោះ ដោយឃើញឱកាសល្អ ហើយស្ងាត់ផងដែរ ក៏ចាប់ក្មេងស្រីប៉ងរំលោភ តែត្រូវបានអ្នកជិតខាងឮ នាំគ្នាមកមើលឃើញ ក៏ចាប់វាយម្នាក់មួយដៃ មួយជើង រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ៕ អារុណរះ