ភ្នំពេញ៖ ដើម្បីឈានឆ្ពោះចូលរួមទិវា ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០១៦ ខាងមុខនេះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា បានរៀបចំឱ្យមានកិច្ចពិភាក្សាបញ្ចេញទស្សនៈយុវជនស្តីពី “យុវជនកម្ពុជាប្តេជ្ញារួមចំណែកការពារមិនឱ្យឆ្លងអេដស៍” ដោយមានការបកស្រាយពីនិស្សិតជាវាគ្មិនចំនួន៥នាក់មកពីសាកល វិទ្យាល័យភូមិន្ទកសិកម្មនិង៥នាក់ទៀត មកពីសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប។
ពិធីនេះប្រព្រឹត្តទៅនៅស្ថានីយទូរទស្សន៍ ជាតិកម្ពុជានាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ក្រោមអធិបតីភាពលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជានិងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា តំណាងសហព័ន្ធអន្តរជាតិប្រចាំនៅកម្ពុជាអ្នកស្ម័គ្រ ចិត្តយុវជនកាកបាទក្រហមកម្ពុជាលោកគ្រូ អ្នកគ្រូ និងនិស្សិត សរុបប្រមាណ ១៥០នាក់។
សូមបញ្ជាក់ថា ស្ថានីយទូរទស្សន៍ជាតិ កម្ពុជានិងបណ្តាស្ថានីយទូរទស្សន៍មួយ ចំនួនផ្សេងទៀតនឹងចាក់ផ្សាយកម្មវិធីនេះ នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា និងថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៦ ក្រោមទិសស្លោក “ឆាប់ធ្វើតេស្តឈាមឆាប់ព្យាបាលឆ្ពោះទៅបញ្ចប់អេដស៍” ៕ ហេង សូរិយា