ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកសាងប្លង់គោលប្រើប្រាស់ដីស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី: សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកសាងប្លង់គោល ប្រើប្រាស់ដីស្រុកលំផាត់ ត្រូវបានមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ រៀបចំធ្វើឡើង នៅសាលប្រជុំ សាលាខេត្តរតនគិរី ព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រោមអធិបតីភាព លោក ឌុច វនទីតូ អនុរដ្ឋលេខាធិការ តំណាងខ្ពង់ខ្ពស់ លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ និងលោក យឹម ផែន អភិបាលរង ខេត្ត។

ថ្លែងបើកអង្គសិក្ខាសាលា លោក យឹម ផែន និងលោក ឌុច វនទីតូ បានលើក ឡើងថា ការអនុវត្តគោលនយោបាយជាតិ ស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តគោលនយោបាយ វិមជ្ឍការ និងវិសហមជ្ឍការ ដែលជាផ្នែកមួយក្នុង ការអនុវត្ត យុទ្ធសាស្ត្រចតុកោណ តំណាក់កាលទី ៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលនិតិកាលទី ៥ នៃរដ្ឋសភា ការកសាង ប្លង់គោលប្រើប្រាស់ដី គឺជាការរួមចំណែកដ៍សំខាន់ ក្នុងការជួយអោយ សម្រេចបាន ទិសដៅអភិវឌ្ឍន៍ជាតិ ។

លោក យឹម ផែន និងលោក ឌុច វនទីតូ បន្តថា ប្លង់គោល ប្រើប្រាស់ដីស្រុក លំផាត់ នៃខេត្តរតនគិរី ជាផ្នែកមួយ ជំរុញអោយតំបន់ ភូមិភាគ ឥសាន្ត ដែលជាតំបន់ កន្ទុយនាឃ ក្លាយជាប៉ូលសេដ្ឋកិច្ចទី ៤តាមរយៈសក្តានុពល់ ដីមានជីវជាតិ សំបូរធនធានធម្មជាតិ រួមផ្សុំនឹងកត្តាភូមិសាស្ត្រ ទៅជាការអភិរក្ស និងការអភិវឌ្ឍន៍ ប្រកបដោយ ចីរភាព។

តាមរយៈការសិក្សាប្លង់គោល ប្រើប្រាស់ដីស្រុកលំផាត់ ឆ្នាំ ២០៣០ អាចចាត់ទុកថា ភូមិសាស្ត្រស្រុក លំផាត់ ខេត្តរតនគិរី គឺជាស្រុក ដែលមានលក្ខណៈយុទ្ធសាស្ត្រល្អ មិនត្រឹមតែសម្រាប់ជំរុញការអភិវឌ្ឍន៍ ស្រុកផ្ទាល់ ប៉ុណ្ណោះទេ គឺថែមទាំង សមាហរណកម្ម ជាមួយបណ្តាស្រុក ពាក់ពាន់ក្នុងខេត្តទៀតផង តាមរយៈការអភិវឌ្ឍន៍វិស័យទេសចរណ៍ វិស័យកសិកម្ម កសិឧស្សាហកម្ម ធនធានរ៉ែ និង ការបើកច្រកចេញចូល ទៅកាន់តំបន់ជុំវិញស្រុក សម្រាប់ទំនាក់ទំនង សេដ្ឋកិច្ចអោយមាន ប្រសិទ្ធភាព។

លោក បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ចូលរួមពិភាក្សាអោយបាន ផុសផុល ទៅលើចំណុចចំនួន ៣ សំខាន់ៗ ទី ១ ចក្ខុវិស័យសម្រាប់ស្រុក លំផាត់ ទី ២ យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ស្រុក ទី ៣ ផែនទីប្រើប្រាស់ដីស្រុកលំផាត់ ដល់ឆ្នាំ ២០៣០ ដើម្បីអោយឯកសារប្លង់គោលស្រុកលំផាត់ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន នឹងយកទៅអនុវត្ត មានប្រសិទ្ធភាព ៕ វុទ្ធឦសាន
1 3

4


ចែករំលែក៖