ព័ត៌មានទាន់ហេតុការណ៍៖

សាលដីកាសម្រេចឲ្យ នួន ជា និងខៀវ សំផន ជាប់គុកមួយជីវិតបិទផ្លូវតវ៉ា

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមបានចេញសាលដីកាស្ថាពរសម្រេចដាក់ឱ្យជនជាប់ចោទ នួន ជា និង ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិតដោយបិទផ្លូវតវ៉ា។

ការសម្រេចនេះធ្វើឡើងដោយកែប្រែ មួយចំនួនអំពីសាលក្រមរបស់អង្គជំនុំជម្រះ សាលាដំបូងនៃសាលាក្តីខ្មែរពីបទឧក្រិដ្ឋ កម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្ត ឡើងកាលពីអំឡុងខែមេសា ឆ្នាំ១៩៧៥ ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពី ទីក្រុងភ្នំពេញ និងការផ្លាស់ទីដោយបង្ខំរួម ទាំងការកាប់សម្លាប់ ។

មានប្រសាសន៍ក្នុងសន្និសីទកាសែត បន្ទាប់ពីតុលាការកំពូលសាលាក្តីខ្មែរក្រហម បានប្រកាសសាលដីកាចុងក្រោយសំណុំរឿង០០២/០១ លោក កែវ រ៉េមី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងនាម តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាបាន បញ្ជាក់ថាតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមបានប្រកាសសាលដីកាស្ថាពរដោយ ផ្តន្ទាទោស នួន ជា និងខៀវ សំផន ជាប់ ពន្ធនាគារអស់មួយជីវិត(បិទផ្លូវតវ៉ា) ដែល ការប្រកាសស្ថាពរនៅលើមេដឹកនាំខ្មែរ ក្រហមនាពេលនេះពិតជារំលែកបាននូវ ភាពឈឺចាប់បានមួយចំនួនរបស់ជនរងគ្រោះពីរបបខ្មែរក្រហម ។

លោក ដេវីដ សេពភឺ អ្នកជំនាញបច្ចេកពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅសាលាក្តីខ្មែរក្រហមបានថ្លែងថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រនៃការប្រកាសសាលដីកាចុងក្រោយ ។ លោកបញ្ជាក់ថា ការ ប្រកាសសាលដីកាចុងក្រោយគឺជាការផ្តល់ យុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងយុត្តិធ៌មទូទាំងប្រទេសកម្ពុជា។ លោក ដេវីដ សេពភឺ បានរំលឹកថា ការផ្តន្ទាទោសទៅលើមេដឹកនាំរបបប្រល័យពូជសាសន៍នៅកម្ពុជានេះជាការដាស់តឿនឲ្យមេដឹកនាំពិភពលោក នានាបានដឹងជាពិសេសមេដឹកនាំកូរ៉េខាងជើង ។

សូមជម្រាបថា សំណុំរឿង០០២/០១ ជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះ យ៉ាងតិច២ប្រឆាំងនឹង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្ត កម្ពុជា ។

បទចោទនៅក្នុងសំណុំរឿង០០២/០១ ផ្តោតលើបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅក្នុងអំឡុងពេល ជម្លៀសនៅទីក្រុងភ្នំពេញក្នុងខែមេសា ឆ្នាំ ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ ពីតំបន់ដទៃទៀតរួមទាំងការកាប់សម្លាប់ អតីតមន្ត្រីរដ្ឋការសម័យ លន់ នល់ នៅ ទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់ ។

កាលពីថ្ងៃទី៧ ខែសីហា ២០១៤ អង្គ ជំនុំជម្រះសាលាដំបូងរកឃើញថា ជនជាប់ ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងនឹង

មនុស្សជាតិ និងបានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារជនជាប់ចោទទាំង២អស់ មួយជីវិត។ អ្នកទាំង២ត្រូវអង្គជំនុំជម្រះ សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមសម្រេច ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោយពីរកឃើញថា ពួកគេមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ។

សាលដីកាស្ថាពរនេះសម្រេចអំពីការ មិនសុខចិត្តរបស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន ក្នុងសំណុំរឿងលេខ ០០២ វគ្គ ១ ក្រោយពេលធ្វើសវនាការអស់រយៈពេល ២២២ថ្ងៃចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១ ដល់ខែសីហា ឆ្នាំ២០១៤ ។

ជនជាប់ចោទ ខៀវ សំផន អតីតប្រធាន គណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិប តេយ្យ ។ ចំណែកជនជាប់ចោទ នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជាត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិប្រព្រឹត្តនៅក្នុងអំឡុងពេលជម្លៀសពលរដ្ឋនៅទីក្រុងភ្នំពេញយ៉ាងហោច២លាននាក់កាលពីខែមេសា ឆ្នាំ ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ ពីតំបន់ដទៃទៀតរួមទាំងការកាប់សម្លាប់ អតីតមន្ត្រីរដ្ឋការសម័យ លន់ នល់ នៅទួល ពោធិ៍ជ្រៃក្នុងខេត្តពោធិ៍សាត់។

ទន្ទឹមនឹងសាលក្រមបញ្ចប់បណ្ដឹងសាទុក្ខនេះ អង្គជំនុំជម្រះសាលាដំបូងក៏កំពុងបន្តសវនាការជំនុំជម្រះជនជាប់ចោទទាំងពីររូបបន្ថែមទៀតលើបទល្មើសផ្សេងទៀត ក្នុងសំណុំរឿង០០២ វគ្គទី២ដែរ។ សវនាការនេះគឺជាការស្ដាប់ដើមបណ្ដឹងរដ្ឋប្ប វេណី និងសាក្សីនានាទាក់ទងអង្គហេតុ ប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងវៀតណាម ការរៀបអាពាហ៍ពិពាហ៍ ដោយបង្ខំ និងការរំលោភសេពសន្ថវៈ ការ បោសសម្អាតផ្ទៃក្នុងឧក្រិដ្ឋកម្មនៅមន្ទីរ សន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតា ចាន់ មន្ទីរសន្តិសុខអូរកន្សែង មន្ទីរសន្តិសុខ ភ្នំក្រោល ការដ្ឋានសាងសង់ទំនប់១មករា ការដ្ឋានសាងសង់វាលយន្តហោះកំពង់ ឆ្នាំង ការដ្ឋានលើកទំនប់អាងត្រពាំងថ្ម អង្គហេតុសហករណ៍ត្រាំកក់ ការប្រព្រឹត្ត លើពុទ្ធសាសនិកជន ។

កាលពីឆ្នាំ២០១២ អតីតប្រធានមន្ទីរ សន្តិសុខស-២១ ឬគុកទួលស្លែងឈ្មោះ កាំង ហ្កេកអ៊ាវ ហៅឌុច ក៏ត្រូវបានសាលាក្ដីខ្មែរក្រហមរកឃើញថា ជាអតីតអ្នកទទួល ខុសត្រូវខ្ពស់បំផុតមួយរូបចំពោះឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០១ពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។

សំណុំរឿង០០២/០១គឺជាការជំនុំជម្រះ លើកទីមួយនៃការជំនុំជម្រះយ៉ាងតិច២ ប្រឆាំងនឹង ខៀវ សំផន អតីតប្រមុខរដ្ឋនៃ របបកម្ពុជាប្រជាធិបតេយ្យ និង នួន ជា អតីត អនុលេខាបក្សកុម្មុយនីស្តកម្ពុជា ។

នួន ជា និង ខៀវ សំផន បានធ្វើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដោយម្នាក់ៗបានលើកទឡ្ហីករណ៍បណ្តឹងសាទុក្ខរៀងៗខ្លួនចំនួន ២២៣ និង១៤៨។ សហព្រះរាជអាជ្ញាក៏បានដាក់បណ្តឹងសាទុក្ខដោយកម្រិតត្រឹមតែការស្វែងរកដំណោះស្រាយទាក់ទងនឹងភាពអាចអនុវត្តបាននូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួមដែលហៅថា “សហ ឧក្រិដ្ឋកម្មរួមទម្រង់ទី III” (JCE III) នៅ ចំពោះមុខ អ.វ.ត.ក ។

សហរដ្ឋអាមេរិកសូមស្វាគមន៍សាលក្រមចុងក្រោយនៅថ្ងៃម្សិលមិញរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) លើករណី០០២/០១ ចំពោះ នួន ជា និង ខៀវ សំផន ដោយតម្កល់សាល ក្រមដាក់ទោសទៅលើពួកគេពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ការធ្វើទុក្ខទោស ដោយសារហេតុផលនយោបាយនិងអំពើអមនុស្សធម៌ដទៃទៀតទាក់ទងនឹងការ ជន្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយ បង្ខំនៅខែមេសា ឆ្នាំ១៩៧៥។ តុលាការ ថែមទាំងបានបញ្ជាក់ពីទោសជាប់ពន្ធនាគារ អស់មួយជីវិតដែលដាក់ដោយតុលាការ ជំនុំជម្រុះដែលបានលើកឡើងពីបទឧក្រិដ្ឋ ក្នុងទ្រង់ទ្រាយធំ ។

សម័យខ្មែរក្រហមកាន់អំណាចគឺជា យុគសម័យដ៏ខ្មៅងងឹតបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាហើយសាលក្រមដែលចេញនៅថ្ងៃនេះធានាថា មេដឹកនាំ កំពូល២រូបក្នុងចំណោមមេដឹកនាំកំពូលៗនៃរបបនេះត្រូវបានចាប់ឲ្យទទួលខុសត្រូវ។

សហរដ្ឋអាមេរិកនឹងបន្តគាំទ្របេសក កម្មរបស់ ECCC ក្នុងការនាំមកនូវយុត្តិធម៌មួយកម្រិតសម្រាប់ប្រជាជនកម្ពុជា និងលាត ត្រដាងពីបទឧក្រិដ្ឋដ៏គួរឲ្យភ័យខ្លាចរបស់ពួកខ្មែរក្រហម ៕ ហេង សូរិយា

kheiv-samphorn-noun-chea-eccc-2013-10-02-e1380723047615


ចែករំលែក៖