ព័ត៌មានទាន់ហេតុការណ៍៖

កុមារអាយុ១ខួបកន្លះម្នាក់ត្រូវអ្នកបើករ៉ឺម៉កម៉ូតូបុកបណ្តាលឲ្យស្លាប់នៅកងមាស

ចែករំលែក៖

ខេត្តកំពង់ចាម:៖ កុមារាអាយុទើបតែ១ខួបកន្លះម្នាក់ បានបាត់បង់ជីវិតគួរឲ្យសង្វេគ ពេលដើរតាមផ្លូវតែម្នាក់ឯងដោយសារគ្មានអ្នកដឹង ហើយត្រូវអ្នកបើករ៉ឺម៉កម៉ូតូដឹកស៊ីម៉ងត៍បើកបុកពេញទំហឹង ។

ទោះបីជាយ៉ាងណាការបាត់បង់ជីវិតកុមារាដ៏អភ័ព្វនេះត្រូវបានមហាជនដែលនៅកន្លែងហេតុលាន់មាត់ថា វាជាការធ្វេសប្រហែសរបស់អាណាព្យាបាល ទើបបណ្តាលឲ្យកើតរឿងដ៏អកុសលនេះ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកកំណាត់ផ្លូវលេខ៧០ ស្ថិតក្នុងភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានម៉ូតូសណ្តោងរ៉ឺម៉កដឹកស៊ីម៉ងត៍១គ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះ វ៉ា សា អាយុ ២២ឆ្នាំ មានទីលំនៅភូមិធ្លក ឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកបរពីទិសខាងត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែបានបុកក្មេងប្រុសអាយុ១ខួបកន្លះម្នាក់ ដែលកំពុងតែដើរនៅតាមផ្លូវតែម្នាក់ឯង ពីទិសខាងកើតទៅលិច បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយអ្នកបើកបរម៉ូតូរ៉ម៉កម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជាការធ្វេសប្រហែសរបស់អាណាព្យាបាលឪពុកម្តាយ ដែលមើលថែរក្សាកូនតូចៗរបស់ខ្លួនមិនដិតដល់ និងបណ្តែតបណ្តោយឲ្យកូនក្មេងរត់លេងឆ្លងថ្នល់តែម្នាក់ឯង ដោយគ្មានការយកចិត្តទុកដាក់ ។

បច្ចុប្បន្ន អ្នកបើកបររ៉ឺម៉កម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកងមាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសាកសពក្មេងប្រុសរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ

5 1 3 4


ចែករំលែក៖