ភ្នំពេញ៖ ម្ចាស់បទ រំចង់ស្រែកែខ្លួន អ្នកនាងផាន់ ម៉ូនីកា បានរៀបចំពិធីខួបកំណើតកូនស្រីគម្រប់៣ឆ្នាំ នៅក្នុងភោជនីយដ្ឋានកាកា នាមជ្ឈមណ្ឌលកោះពេជ្រ ។ អ្វីដែលធ្វើឲ្យសិល្បករប្រមាណជិត១០០នាក់ មានការភ្ញាក់ផ្អើលគឺនាងទើបនឹងទទួលបានងារជាជំទាវកាលពីពេលថ្មីៗនេះ ។
អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង ផាន់ ម៉ូនីកា បានផ្អាកការងារសិល្បៈរយៈពេល៣ឆ្នាំហើយពោលគឺក្រោយពេលនាងរៀបការជាមួយស្វាមី។ នាងនិងស្វាមីបានបើកមុខជំនួយផ្ទាល់ខ្លួនមួយចំនួនទទួលបានជោគជ័យខ្លាំង ហើយអ្វីដែលពិសេសនាងទើបនឹងទទួលបានងារជាជំទាវថ្មីៗដែលធ្វើឲ្យសិល្បករ និងភ្ញៀវចូលរួមភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា។
ពិធីករលោកអ៊ឹម ជីវ៉ា ប្រកាសថា អ្នកនាងផាន់ ម៉ូនីកាទើបនឹងទទួលបានតំណែងជាជំទាវកាលពី៦ខែមុននេះគឺបន្ទាប់ពីស្វាមីនាងលោកគឺ លោកគង់ សុខម៉េង ទើបនឹងត្រូវបានតែងតាំងជាជំនួយការផ្ទាល់សម្តេចក្រឡាហោម ស ខេង។
ផាន់ ម៉ូនីកា មិនបានបញ្ជាក់អ្វីច្រើនទេជុំវិញការទទួលបានតំណែងជាជំទាវនេះ។ នាងថាការរៀបចំកម្មវិធីខួបកំណើតកូនស្រីអាយុ៣ឆ្នាំនេះ គឺមិនមានគម្រោងទុកមុនទេ ទើបតែបីបួនថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ទើបមានអ្នកសិល្បករប្រមាណ១០០នាក់ប៉ុណ្ណោះ ដែលត្រូវអញ្ជើញ ប៉ុន្តែនាងរីករាយខ្លាំង គ្រាដែលវត្តមានសិល្បករជាច្រើនចូលរួមកម្មវិធីខួបកំណើតកូនស្រីនាងនៅពេលនេះ។
នាងបញ្ជាក់ដែរថា ក្រោយផ្អាកការងារសិល្បៈ៣ឆ្នាំ នាងមានកូនស្រីពីរនាក់ហើយដែលម្នាក់មានវ័យទើប៧ខែប៉ុណ្ណោះ ។ នាងថាកូនស្រីច្បងដែលនាងរៀបចំកម្មវិធីខួបកំណើតនៅពេលនេះមានឈ្មោះ គង់ ម៉ានីកូ។ នាងបន្តថា ក្រោយផ្អាកការងារសិល្បៈ នាងនិងស្វាមីបានបើកដំណើរការហាងលក់ស៊ុប និងអាហារប៊ូហ្វេកាកា ស៊ូគីស៊ុបពីរទីតាំង ហាងលក់សម្លៀកបំពាក់ និងការនាំផលិតផលថែរក្សាសម្រស់ពីបរទេសមកលក់នៅកម្ពុជា។ សម្រាប់ការងារសិល្បៈ នាងនៅតែស្រលាញ់ និងចង់ប្រឡូកឡើងវិញ ប៉ុន្តែពេលនេះនាងមមាញឹកច្រើននឹងការងារមុខជំនួញ និងការមើលថែទាំងកូនស្រីទាំងពីរ។
តារាស្រីវ័យ៣០ឆ្នាំរូបនេះបញ្ជាក់ដែរថា កន្លងមកកម្មវិធីខួបកំណើតកូនស្រីនាងកន្លងមក នាងតែងតែធ្វើកម្មវិធីចែកទានដល់ជនក្រីក្រ ដើម្បីចែករំលែកក្តីអាណិតស្រលាញ់ ចំពោះគ្នាទៅវិញទៅមក ហើយឆ្នាំនេះនាងនឹងនៅតែបន្តធ្វើនៅឱកាសល្អណាមួយ។
គួរបញ្ជាក់ដែរថា តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ អ្នកនាងផាន់ ម៉ូនីកាបានរៀបការជាមួយលោក គង់ សុខម៉េង ដែលត្រូវជាបងប្រុសរបស់លោកគង់ រ៉ាយុទ្ធ កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០១៣។ តារាស្រីរូបនេះធ្លាប់បានធ្វើឲ្យទស្សនិកជនបានស្គាល់ខ្លាំងជាមួយនឹងស្នាដៃបទចម្រៀងជាច្រើននៅផលិតកម្មនេះដូចជាបទ រំចង់ស្រែកែខ្លួន បទ លើកស្នេហ៍ជូនបង ជាដើម៕ វឌ្ឍនា