ភ្នំពេញៈមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំនួន៥នាក់ ត្រូវបាននាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បញ្ជាឲ្យចាប់វាយខ្នោះ និងបញ្ជូនទៅដាក់ពិន័យ តាមវិន័យនគបាលជាតិយ៉ាងម៉ឺងម៉ាត់បន្ទាប់ពីមន្ត្រីនគរបាលទាំង៥នាក់នេះ បានប្រព្រឹត្តបទល្មើស គាបស៊ីលុយ និងម៉ូតូរបស់ក្រុមក្មេងស្ទាវជិះពេលយប់នៅក្នុងបរិវេណវត្ត វង្កតបុរី ខាងកើតផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្រុមមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ទាំង៥នាក់ដែលរងការចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស គាបស៊ីលុយ និងម៉ូតូរបស់ក្រុមក្មេងស្ទាវជិះពេលយប់នោះមានឈ្មោះ ១-អូន ធូ (នាមសម្ងាត់ 25 N ) ២-ណៃ សំអុល (នាមសម្ងាត់ 25 D) ៣- ឃុន ភក្តី(នាមសម្ងាត់25 O) ៤- ម៉ុន ផល្លីន (នាមសម្ងាត់ 25E) និង៥- ឈ្មោះ ឡា គង់នី (នាមសម្ងាត់ 25 M) ។
មន្ត្រីនគរបាលខណ្ឌសែនសុខ បានលួចបង្ហើបឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌសែនសុខចំនួន៥នាក់ជិះម៉ូតូ៣គ្រឿង បានទៅកាក់ក្មេងស្ទាវ២នាក់ កំពុងជិះម៉ូតូក្នុងមូលដ្ឋានខណ្ឌសែនសុខត្រង់ម្តុំវត្ត វង្កតបុរី ដោយបង្ខំឲ្យក្មេងស្ទាវទាំងនោះរកលុយឲ្យពួកគេ និងយកម៉ូតូទៅបញ្ចាំដើម្បីបានលុយបើពុំដូច្នោះទេ ពួកគេនឹងចាប់បញ្ជូនទៅដាកើគុក ក្នុងករណីជិះម៉ូតូអត់ស្លាកលេខ និងគ្មានពាក់មួកការពារសុវត្ថិភាព ។
ករណីមិនប្រក្រតីនេះបានធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះទូរស័ព្ទប្រាប់ដំណឹងដល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគេបាលរាជធានីភ្នំពេញ រហូតលោកបានបញ្ជាឲ្យវាយខ្នោះ យកទៅដាក់ពិន័យតាមវិន័យនគរបាលជាតិយ៉ាងម៉ឺងម៉ាត់។មន្ត្រីនគរបាលទាំង៥នាក់ខាងលើនេះត្រូវបានបញ្ជូនទៅដាក់ពិន័យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ក្នុងករណីនេះដែរ លោកវរសេនីយឯក ម៉ក់ ហុងអធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តថា ពិតជាមានកូនចៅ៥នាក់របស់លោកប្រព្រឹត្តខុសវិន័យនគរជាតិបែបនេះមែន ខណៈដែលកន្លងមកនាយឧត្តមសេនីយ៍ ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាទៅអធិការនគរបាលទាំង១២ខណ្ឌហាមដាច់ខាតមិនឲ្យកងកម្លាំងនគរបាលធ្វើអ្វីផ្តេសផ្តាសលើប្រជាពលរដ្ឋស្លូតត្រង់ ហើយបើមានត្រូវតែដាក់ពិន័យម៉ឺងម៉ាត់ចំពោះបុគ្គលនោះ ។
រហូតមកដល់ពេលនេះ មន្ត្រីនគរបាលទាំង៥នាក់ខាងលើនេះ មិនទាន់ដោះលែងនៅឡើយទេគឺនៅបន្តការសាកសួរនិងដាក់ពិន័យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ។
សូមបញ្ជាក់ថាកន្លងមកតែងតែមានការលេចឮពីបញ្ហាមន្ត្រីនគរបាលខឹលខូចប្រព្រឹត្តទង្វើខុសក្រមសិលធម៌នគរបាលជាតិទៅលើអ្នកដំណើរពេលយប់បែបនេះហើយលោកស្នងការនគរបាលរាជធានីភ្នំពេញតែងមានវិធានការយ៉ាងម៉ឺងម៉ាត់តាមរយៈដាក់វិន័យ ឬដកតួនាទី ឋានន្តរសក្តិទៀតផង ៕ តុង សីហា