ខេត្តកណ្តាលៈ ជនល្មើសជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៧កញ្ចប់ អាវុធ០៣ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះទី១-ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរ កម្មករសំណង់ ទី២-ឈ្មោះ ថុល រិនដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំង ឃុំពើក ស្រុកអង្គស្នួល ជាមួយគ្នា ។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនល្មើស សមត្ថកិច្ចបានធ្វើការរឹបអូសវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួណ០៧កញ្ចប់ ,ទូរស័ព្ទដៃ០៣គ្រឿង ,អាវុធ០៣ដើម(ដាវ កាំបិតផ្គាក់ និងកាំបិតប៉័ងតោ) ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនជាច្រើនទៀត ។
ប្រភពដដែលបានបន្តទៀតថា ជនល្មើសទាំង២នាក់នេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចនគរបាលស្រុកកំណត់ និងតាមដាននាពេលកន្លងមក ។ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថាជនល្មើសកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ទើបសមត្ថកិច្ចច្មក់ចូលទៅបង្រ្កាបចាប់ខ្លួនជនល្មើស និងធ្វើការឆែកឆេរលំនៅដ្ឋានដកហូតវត្ថុតាងពាក់ព័ន្ធខាងលើនេះ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ