ភ្នំពេញ៖ នៅក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ដឹកនាំដោយ លោកស្រី ប៉ានី យ៉ាថរទូ (Pany Yathotou) ប្រធានរដ្ឋសភា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៦៖២០នាទី បានចូលជួបចរចាទ្វេភាគីជាមួយ សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅវិមានរដ្ឋសភា។
ក្នុងជំនួបពិភាក្សាការងារនេះ ប្រធានរដ្ឋសភានៃប្រទេសទំាងពីរ បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជាប្រពៃណីរវាងប្រទេសទំាងពីរ ដែលមានតំាងពីយូរណាស់មកហើយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ប្រធានរដ្ឋសភាទំាងពីរប្រទេស បានសម្តែងក្តីរីករាយយ៉ាងក្រៃលែង នៅពេលឃើញ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសកម្ពុជា ឡាវ មានការរីកចម្រើនជាលំដាប់ ជាពិសេសមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងគ្នាទៅវិញទៅមក នៅក្នុងរយៈពេលចុងក្រោយនេះ នៃថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ឡាវ ទៅវិញទៅមក។
ប្រធានរដ្ឋសភាកម្ពុជា និងឡាវ ក៏បានលើកឡើងថា រដ្ឋាភិបាល និងរដ្ឋសភាប្រទេសទំាងពីរប្រទេស បានចុះកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ជាច្រើនមកហើយ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនប្រទេសទំាងពីរ។ នៅក្នុងឱកាសនោះ ភាគីទំាងពីរបានធ្វើការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ជុំវិញស្ថានភាពនយោបាយ បញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម ជាពិសេស គឺរចនាសម្ព័ន្ធ និងការដឹកនាំនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
បន្ថែមពីរនេះ លោកស្រី ប៉ានី យ៉ាថរទូ បានសំណូមពរដល់រដ្ឋសភាកម្ពុជា បន្តជួយជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តនៅរាល់កិច្ចព្រមព្រៀម និងអនុស្សារណៈ ទំាងឡាយណា ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ បានចុះហត្ថលេខារួមគ្នា អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីបម្រើដល់ផលប្រយោជន៍ ប្រទេសទំាងពីរ។ លោកស្រីប្រធានរដ្ឋសភា ក៏បានសំណូមពរដល់រដ្ឋសភាកម្ពុជា ជួយជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍ រវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរបន្ថែមទៀត ដោយនៅក្នុងនោះ លោកស្រីបានគោរពអញ្ជើញសម្តេចចក្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ តាមពេលវេលាសមស្របណាមួយ។
លោកស្រី ប៉ានី យ៉ាថរទូ បានសំណូមពរដល់រដ្ឋសភាកម្ពុជាលើកកម្ពស់ ទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ជាប់ព្រំដែននៃប្រទេសកម្ពុជា និងឡាវ កាន់តែមាន កិច្ចសហប្រតិបត្តិការគ្នាល្អបន្ថែមទៀត ក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ និងជំរុញឲ្យមានការផ្លាស់ប្តូរបទពិសោធន៍គ្នារវាងក្រុមប្រឹក្សា ខេត្ត ស្រុក នៃប្រទេសទំាងពីរផងដែរ។
ចំណែកសម្តេចចក្រី ហេង សំរិន ក៏បានសំណូមពរទៅកាន់រដ្ឋសភា នៃប្រទេសឡាវវិញដែរ ដោយក្នុងនោះសម្តេចបានលើកឡើងថា រដ្ឋសភានៃប្រទេសទាំងពីរ គួរពិនិត្យលទ្ធភាព ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធថែមទៀត នៅគ្រប់កម្រិតតាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញរដ្ឋសភា ក្រុមមិត្តភាព រហូតដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានស្នើដល់រដ្ឋសភាប្រទេសទំាងពីរ គួរពិចារណារួមគ្នាបន្ថែមទៀត ដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ និងមានសក្តានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ព័ត៌មានវិទ្យា និងទេសចរណ៍ និងជំរុញដល់រដ្ឋាភិបាលប្រទេសទំាងពីរ ធ្វើការអភិវឌ្ឍតាមព្រំដែន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមបណ្តោយព្រំដែន និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ តាមព្រំដែន គឺពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់យើងទំាងអស់គ្នា។
សម្តេចបានស្នើបន្ថែមថា រដ្ឋសភាប្រទេសទំាងពីរ សូមជំរុញរដ្ឋាភិបាលរៀងៗខ្លួន ពិភាក្សាដោះស្រាយ បញ្ហាដែលនៅសេសសល់ ឈានទៅបញ្ចប់ការបោះបង្គោល ព្រំដែនឲ្យបានឆាប់ ដើម្បីប្រែក្លាយព្រំដែន នៃប្រទេសទំាងពីរជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ប្រធានរដ្ឋសភានៃកម្ពុជា និងឡាវ បានគំាទ្រចំពោះការលើកឡើង និងសំណូមពរទំាងឡាយរបស់ភាគីទាំងពីរ។ សម្តេចចក្រី ហេង សំរិន និងលោកស្រី ប៉ានី យ៉ាថរទូ បានប្តេជ្ញារួមគ្នាក្នុងថែរក្សា និងជំរុញកិច្ច ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព នៃប្រទេសទំាងពីរក្នុងតំបន់ និងពិភពលោក។
នៅក្នុងជំនួបចរចានេះ លោកស្រី ប៉ានី យ៉ាថរទូ ក៏បានសម្តែងក្តីរីករាយ និងកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេចចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជាមានការរីកចម្រើន ជាលំដាប់លើគ្រប់វិស័យ។
ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ ចំពោះសំណើសូមគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ច ជាផ្លូវការ និងមិត្តភាព សម្តេចចក្រីបានទទួលយក ដោយបានគូសបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយ នៅក្នុងឆ្នាំ២០១៧ខាងមុខនេះ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសឡាវ តបតាមការអញ្ជើញ៕