ខេត្តពោធិ៍សាត់៖ បុរស២នាក់ បានរងរបួសយ៉ាងធ្ងន់ដូចគ្នា ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ បុកម៉ាកវីវ៉ា សេ១១០ សេរីឆ្នាំ២០១២ ខណៈកំពុងធ្វើដំណើរច្រាសទិសគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកៅស៊ូមាត់ស្ទឹងពោធិ៍សាត់ ត្រើយខាងលិច ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
នគរបាលចរាចរណ៍ក្រុងពោធិ៍សាត់បានឲ្យដឹងថា យោងតាមសាក្សីនានានៅកន្លែងកើតហេតុ គេឃើញម៉ូតូម៉ាក វីវ៉ា សេ១១០ សេរីឆ្នាំ២០១២ ពណ៏ខ្មៅ គ្មានស្លាកលេខ ១គ្រឿង បើកបរដោយឈ្មោះ ឃ្លោក អុីណេ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃ ខណៈនោះស្រាប់តែមានម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1E 4426 បើកបរដោយឈ្មោះ ខេង ចំរ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិដៅពីជើងទៅត្បូង(ច្រាសទិសគ្នា)បុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់រដូករណេលនៅលើផ្លូវតែម្ដង។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ក្រុងពោធិ៍សាត់បន្តថា ភាគ្គីខាងម៉ូតូម៉ាក វីវ៉ា (ឃ្លោក អុីណេ)រងរបួសបាក់ជើងស្ដាំ ចំណែកខាងភាគ្គីម៉ូតូម៉ាក ហុងដាឌ្រីម (ខេង ចំរ៉ុង)រងរបួសបែកក្បាល ត្រូវបានគេជួយបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗទាំងពីនាក់។
ប្រភពដដែលខាងលើបន្តទៀតថា ចំពោះវត្ថុតតាងម៉ូតូទាំង២គ្រឿង ត្រូវបានផ្នែកសមត្តកិច្ចនគរបាលចរាចរណ៍ផ្លូវគោក របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ យកទៅរក្សាទុករងចាំវាស់វែងដើម្បីដោះស្រាយគ្នាជាក្រោយតាមនីតិវិធី៕ ប៉ឹម ពិន