ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៤និ២០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ ដឹកនាំកម្លាំងចុះបង្ក្រាប និងចាប់បានរថយន្ដទីកូមួយគ្រឿង លួចបន្លំដឹកឈើគ្រញូងចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ បម្រុងយកទៅលក់នៅព្រំដែនវៀតណាម ត្រូវសមត្ថកិច្ចចាប់ជាប់នៅចំណុចភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបរថយន្តដឹកឈើគ្រញូងនេះ ជាលទ្ធផលឃាត់បានរថយន្ត១គ្រឿង ម៉ាកទីកូ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ២A ០២៦៨ អ្នកបើកឈ្មោះ នាង បូរ៉េន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ប៉ាវ រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិរំចេក ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បានលួចដឹកឈើចំនួន២១ដុំ ស្មើ១០៨គីឡូក្រាម ។
ក្រោយពីសមត្ថកិច្ចវាស់វែងរួច ទាំងឈើ ទាំងរថយន្ត និងមនុស្សបានប្រគល់ទៅឲ្យផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ធ្វើកំណត់ហេតុ កសាងសំណុំរឿងបន្ដ។
លោក ឃុនប៊ុនហួរ បានឲ្យដឹងថា ដោយមានការសង្ស័យ ក៏បានឃាត់រថយន្ដ ហើយពិនិត្យឃើញមានឈើគ្រញូងតែម្ដង ៕ ប៊ុន រិទ្ធី