ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តឧត្តរមានជ័យកំពុងតាមរកជនរុញផ្តួលរូបសំណាកលោកតាក្រហម.ក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមាន ជ័យបាននិងកំពុងចាត់វិធានការក្តៅមួយ ក្នុងការតាមរកចាប់ខ្លួនជនដែលបានប្រព្រឹត្ត រុញផ្តួលរូបសំណាកលោកតាកែវ ពេជ្ររស្មី ហៅលោកតាក្រហម.ក ដើម្បីនាំខ្លួនល្មើសមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។

រូបសំណាកលោកតាកែវ ពេជ្ររស្មី ហៅ លោកតាក្រហម.ក បានរងការរុញផ្តួលធ្វើឲ្យបាក់បែកជាបំណែកៗ ពីជនមិនស្គាល់ អត្តសញ្ញាណកាលពីយប់ថ្ងៃ២៣ ខែវិច្ឆិកា កន្លងទៅមានទីតាំងនៅចង្កេះភ្នំដងរែកផ្លូវឡើងទៅកាន់ច្រកទ្វារអន្តរជាតិជាំសាង៉ាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុក អន្លង់ វែង ខេត្តឧត្តរមានជ័យ។ រូបសំណាកលោក តាក្រហម.ក ក៏នៅមិនឆ្ងាយពីរូបសំណាកលោកយាយម៉ៅនោះដែរ។ រូបសំណាក់ ទាំងពីរនេះត្រូវបានអាជ្ញាធរខេត្តរៀបចំទុកដាក់នៅក្នុងអាស្រមដាច់ដោយឡែកពីគ្នាធ្វើបុណ្យបូជា និងជាទីសក្ការបូជាទៀន ធូប ផ្កា និងការបន់ស្រន់ផ្សេងៗពីសំណាក់ប្រជា ពលរដ្ឋទូទៅ និងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះយ៉ាងពូកែស័ក្តិសិទ្ធិ។ រូបសំណាក នេះមានកម្ពស់ជិត២ម៉ែត្រត្រូវបានកសាងឡើងដោយប្រើប្រាស់ពេលវេលាអស់ជាងកន្លះឆ្នាំ គឺចាប់ពីថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ២០១១ និងបានបញ្ចប់ការកសាងនៅថ្ងៃ៤ ខែ ឧសភា ឆ្នាំ២០១២ ក្រោមការចំណាយ ថវិកាពីលោកឧត្តមសេនីយ៍ ជា ម៉ន មេ បញ្ជាការយោធភូមិភាគទី៤ និងលោក ឧត្តមសេនីយ៍ នួន នៅ។

មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកអន្លង់វែងលោក ខៀវ ផន បានប្រាប់ឲ្យ ដឹងថា ក្រោយពីបានដឹងថា រូបសំណាក លោកតាក្រហម.ក ត្រូវបានជនខិលខូច មករុញផ្តួលធ្វើឲ្យបាក់បែកខ្ទេចខ្ទីរួចមក លោកបានដឹកនាំកម្លាំងចុះមកពិនិត្យអំពីស្ថានភាពនៅទីនោះដោយរកឃើញថា រូប សំណាកលោកតា ត្រូវបានគេរុញផ្តួលបោកទៅនឹងកម្រាលស៊ីម៉ងដ៍បណ្តាលឲ្យបែកបាក់ជាច្រើនកំណាត់។ លោក ខៀវ ផន បានបន្តឲ្យដឹងទៀតថា កុមារម្នាក់ដែលរស់ នៅក្បែរនោះបាននិយាយថា នៅមុនពេល កើតហេតុគេបានឃើញមនុស្សពីរនាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ឆ្នាំ ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខបាន មកឈប់នៅមុខអាស្រមលោកតាក្រហម .ក។ លោកថា មួយសន្ទុះក្រោយមកគេ បានឮស្នូរធ្លាក់ថ្មចេញពីក្នុងអាស្រមនោះហើយកុមារនោះបានឃើញបុរសទាំងពីរនាក់នោះជិះម៉ូតូចុះពីចង្កេះភ្នំយ៉ាងលឿន សំដៅចូលទៅក្នុងទីរួមស្រុកអន្លង់វែងបាត់ទៅ។

អ្នកស្រី គង់ លាត ស្ថិតក្នុងវ័យ៦៣ឆ្នាំ ជាអ្នកលក់ផ្លែឈើ ទៀន ធូប ផ្កា និងគ្រឿងសែនព្រេននានានៅជិតនឹងអាស្រមលោកតាក្រហម.កបានបញ្ជាក់ថា រូបសំណាក លោកតាក្រហម.ក មានប្រជាពលរដ្ឋ និង អ្នកធ្វើដំណើរឆ្លងកាត់មកអុជ ធូប ថ្វាយផ្កា ដើម្បីបួងសួងសុំសេចក្តីសុខជារៀងរាល់ថ្ងៃ ហើយពូកែស័ក្តិសិទ្ធិបំផុត។

អភិបាលនៃគណៈអភិបាលខេត្តឧត្តរ មានជ័យលោក ស ថាវី បានមានប្រសាសន៍ ថា ក្រោយទទួលបានដំណឹងនេះភ្លាមលោក បានបញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាល ខេត្ត ទី១ចុះអង្កេតស្រាវជ្រាវ ទី២ឲ្យមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្តសហការគ្នាស្រាវជ្រាវរកមុខសញ្ញាអ្នកប្រព្រឹត្តបទល្មើស នេះដើម្បីឃាត់កសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ លោកមាន ប្រសាសន៍ទៀតថា ក្នុងនាមរដ្ឋបាលខេត្ត លោកកំពុងតែរករូបសំណាកថ្មីដើម្បីទុកឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងចុះគោរព បូជាទៅតាមទំនៀមទម្លាប់ និងប្រពៃណី។

លោកបានបញ្ជាក់ថា ចំពោះជនល្មើសនេះមិនអាចបន្ធូរបន្ថយទោសបានទេ ព្រោះ ជាការបំផ្លាញមួយដ៏ធំដែលយើងគិតថារូបបដិមានេះនៅសម្រាប់តែជាទីសក្ការៈត្រូវបានបំផ្លាញខ្ទេចខ្ទីអស់អ៊ីចឹងអាជ្ញាធរយកចិត្តទុកដាក់ពាក់ព័ន្ធបញ្ហានេះ ហើយសមត្ថ កិច្ចកំពុងតែស្រាវជ្រាវកំណត់រកមុខសញ្ញានោះហើយ។ ចំណែករូបសំណាកលោកតា ក្រហម.កនឹងដាក់ឲ្យប្រជាពលរដ្ឋគោរពបូជា ឡើងវិញនៅពេលឆាប់ៗខាងមុខនេះ៕ ប៉ែន នួន

yrs


ចែករំលែក៖