ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកងវិស្វ័កម្មម្នាក់ដាក់ពាក្យបណ្តឹងនគរបាលទេសចរណ៍ទៅតុលាការខេត្តពីបទបង្ករបួសស្នាម

ចែករំលែក៖

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋនៅក្នុងក្រុងបានលុងជាច្រើននាក់ បានផ្ទុះកំហឹងជាខ្លាំងបន្ទាប់ពីកម្លាំងនគរបាលការិយាល័យទេសចរណ៍សហការជាមួយនឹងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានវាយក្បាលមួយទំហឹងមកលើអ្នកជិះម៉ូតូសង់កូរេមួយគ្រឿងដោយចោទថា អ្នកជិះម៉ូតូនោះជិះបុកសមត្ថកិច្ចកំពុងតែធ្វើការផាក់ពិន័យច្បាប់ចរាចរណ៍ផ្លូវគោកនៅវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោក ឡាក់ វិចិត្រ មន្ត្រីនគរបាលទេសចរណ៍ និងជាអ្នកដៃដល់ បានចោទប្រកាន់ថាអ្នកជិះម៉ូតូឈ្មោះញឹម ចាន់ដារ៉ា ជាមន្ត្រីកងវិស្វ័កម្ម បានជិះម៉ូតូម៉ាកសង់កូរេឌុបគ្នាចំនួន៣នាក់រួមទាំងក្មេងតូចម្នាក់មកបុកខ្លួន ពេលដែលកំពុងធ្វើការអនុវត្តច្បាប់តាមដងផ្លូវជាតិលេខ៧៨A ដោយអ្នកបើកបរម៉ូតូគ្មានគោរពច្បាប់ចរាចរណ៍ មិនបានពាក់មួកសុវត្ថិភាព។

លោក ញឹម ចាន់ដារ៉ា នាយរងកងវិស្វ័កម្មតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី បានអោយដឹងថា ពេលនោះលោកបានឌុបកម្មករចំនួន៣នាក់រួមទាំងក្មេងតូចម្នាក់ជិះម៉ូតូតែមួយ ដោយលោកបានសុំមន្ត្រីចរាចរណ៍ផ្នែកខាងដើមរួចហើយ តែមកដល់ខាងមុខទៀតមាននគរបាលម្នាក់ទៀតបានលើកដំបូងរាំងនិងឈរបាំងពីមុខម៉ូតូ បណ្តាលអោយបុកត្រូវជើងសមត្ថកិច្ចបន្តិច ខណៈនោះសមត្ថកិច្ចឈ្មោះឡាក់ វិចិត្រ បានយកដំបងវាយគាត់មួយទំហឹងចំថ្ងាស់ខាងធ្វេងធ្វើអោយគាត់វិលមុខចង់ដួលម៉ូតូ ពេលនោះគាត់មានការខឹងសម្បាយ៉ាងខ្លាំងចំពោះសមត្ថកិច្ចដែលយកដំបងមកវាយក្បាលរបស់គាត់។

ប្រភពពីប្រជាពលរដ្ឋជាច្រើននាក់នៅកន្លែងកើតហេតុបានរិៈគន់ថា ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោករបស់សមត្ថកិច្ចហាក់បីដូចជាហួសហេតុពេកហើយ វាយគាត់មួយដំបងហើយ នាំគ្នាចាប់គាត់វាយបន្ថែមទៀតរុញចូលក្នុងឡាន ហាក់បីដូចជាអ្នកទោសធ្ងន់ធ្ងរណាស់ ក្រុមប្រជាពលរដ្ឋដែលបានឃើញទិភាពទាំងនោះបានសំណូមពរអោយថ្នាក់ដឹកនាំផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ផ្លូវគោកគួរតែធ្វើការកែតម្រូវឡើងវិញចំពោះសមត្ថកិច្ចដែលធ្វើការផាកពិន័យបច្ចុប្បន្ន តែងតែដាក់កម្លាំងនៅទី ងងឹតពួនស្ទាក់ និងគ្មានដាក់ស្លាកសញ្ញាសំគាល់អោយឃើញដល់អ្នកធ្វើដំណើរតាមទោចចក្រ ក្រយានយន្ត និងរថយន្ត។

លោកអ៊ុង សុភាព ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ បានអោយដឹងថាករណីនេះលោកកំពុងអោយខាងការិយាល័យចរាចរណ៍ធ្វើការសម្របសម្រួល និងស្រាវជ្រាវថាតើរឿងនេះវាយ៉ាងណានោះប្រសិនបើមន្ត្រីរបស់លោកធ្វើខុសពិតប្រាកដមែននោះ លោកនឹងដកមកប្រឈរជើង ឫចាត់ការតាមក្រុមប្រឹក្សាវិន័យ និងច្បាប់នគរបាលជាតិ ៕ វុទ្ធឦសាន

fa-1 fa-2 fa-3


ចែករំលែក៖