ខេត្តពោធិ៍សាត់៖ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងប្រមាណ១០នាក់ សហការជាមួយកម្លាំងចម្រុះខេត្ត ដឹកនាំដោយលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ចុះបង្រ្កាបបតទបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ក្នុងនោះរឹមអូសវត្ថុតាងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ។
ប្រតិបត្តិការនេះ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សូ វណ្ណឌី បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងបង្រ្កាប និងរឹបអូសវត្ថុតាងមួយចំនួនធំ រួមមានរថយន្តរ៉េវធំចំនួន ០២គ្រឿង ម៉ូតូម៉ាក វ៉េវអាល់ហ្វាចំនួន ០១គ្រឿង ម៉ាសុីនរណាយន្តចំនួន ០៣គ្រឿង ម៉ាសុីនភ្លើងមានឌីណាម៉ូចំនួន ០១គ្រឿង ម៉ាសុីនម៉ាសង្លូចំនួន ០១គ្រឿង បំពង់ផ្សាចំនួន ០១ដប ប្រេងម៉ាស៊ូតចំនួន ២៩ប៊ីដុង តង់ចំនួន ០២ផ្ទាំង ផ្លែរណាខ្សែចំនួន ០៤ផ្លែ អត្តសញ្ញាណប័ណ្ណចំនួ ០១សន្លឹកឈ្មោះ សោម ភិណា និងទូរស័ព្ទដៃសំនួន ០១គ្រឿងផងដែរ ។
លោក នាយសេនាធិការកងរាជអាវុធហត្ថបន្តថា ចំពោះវត្ថុតាងដែលកម្លាំងបង្រ្កាប និងដកហូតបានខាងលើ បានប្រគល់ទៅមន្រ្តីសាលាខេត្តដើម្បីយកទៅបន្តតាមនីតិវិធី។
លោក បន្តទៀតថា ដោយឡែកចំពោះជនប្រព្រឹត្ត កម្លាំងកំពុងស្រាវជ្រាវ ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ៕ ប៉ឹម ពិន