ព័ត៌មានទាន់ហេតុការណ៍៖

គ្រូទាយសម័យថ្មីមានប័ណ្ណធានា បើមិនឆុត សងលុយវិញគ្រប់ចំនួន

ចែករំលែក៖

ភ្នំពេញ៖ ប្រសិនបើអ្នកនិយមមានជំនឿខាងហោរាសាស្ត្រអាចសាកល្បងមើលចំពោះគ្រូទាយសម័យថ្មីម្នាក់ ដែលមានប័ណ្ណធានាចំពោះការទាយរបស់ខ្លួន ហើយប្រសិនបើមិនសម្រេចដូចការទាយនោះទេ អតិថិជនអាចទារយកប្រាក់ទ្រនឹបគ្រប់ចំនួនវិញបាន ។ រឿងរ៉ាវយ៉ាងដូច្នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គមបានចែករំលែកតៗគ្នាអំពីប័ណ្ណធានារបស់គ្រូទាយហោរាអគ្គិនេត្រ ដែលបានបញ្ជាក់ថា បើមិនឆុត សងប្រាក់វិញគ្រប់ចំនួន ។ ករណីនេះគឺចំចំណុចរបស់ពលរដ្ឋខ្មែរមួយចំនួនធំ មិនថាអ្នកនៅទីក្រុង ឬជនបទ ដែលតែងតែមានជំនឿយ៉ាងមុតមាំទៅលើគ្រូទាយ ។ តាំងពីដើមរៀងមក ប្រជាពលរដ្ឋខ្មែរខ្លះ ក៏បានសមប្រកបជាមួយនឹងគ្រូទាយ ប៉ុន្តែខ្លះក៏មិនសមស្របទៅតាមបំណងប្រាថ្នានោះដែរ ។ រីឯគ្រូទាយដែល្បីអាចរកចំណូលបានខ្ពស់ ជំរុញឲ្យជីវភាពគ្រួសារបានប្រសើរឡើង ។ គ្រូទាយខ្លះ គ្រាន់បានតែដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ។

សម្រាប់គ្រូសម័យទំនើបម្នាក់នេះវិញ ដែលមានរហស្សនាមអគ្គិនេត្រ ត្រូវគេអះអាងថា ជាគ្រូស្នេហ៍មួយរូប ដែលអតិថិជនភាគច្រើនបានស្គាល់ ហើយថ្មីៗនេះបានបញ្ជាក់ពីភាពឆុតរបស់ខ្លួន ដោយហ៊ានចេញលិខិតធានាច្បាស់លាស់ជាមួយអ្នកមកទាយ ។ គ្រូស្នេហ៍ (មិនសំដៅលើស្នេហ៍ស្នូក) សម្រាប់អ្នកលក់ដូរ ឬអ្នកប្រកបរបរអាជីវកម្ម អាចពឹងពាក់ជាមួយនឹងការធានាយ៉ាងច្បាស់លាស់ ។ ប្រសិនបើមិនដូចការពឹងពាក់នោះទេ អតិថិជនអាចទារប្រាក់ពីលោកគ្រូអគ្គិនេត្រ វិញបាន ។

នៅក្នុងវិកយបត្រមួយសន្លឹក ដែលគេចែករំលែកតគ្នានៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបញ្ជាក់ពីឈ្មោះអ្នកមកពឹងពរ ហើយនិងមូលហេតុនៃការមកឲ្យជួយ ក៏ដូចជាលេខទូរស័ព្ទ និងហត្ថលេខារបស់ភាគីទាំងសងខាង ។ នេះបានបង្ហាញអំពីសេចក្តីក្លាហាន ហ៊ានស៊ីហ៊ានសងរបស់គ្រូទាយខាងលើ ដែលជឿជាក់លើសមត្ថភាពរបស់ខ្លួនរហូតចេញលិខិតធានាត្រឹមត្រូវ ហើយនិងសន្យាសងទ្រនឹបវិញគ្រប់ចំនួន ប្រសិនបើមិនស័ក្តិសិទ្ធទៅតាមការសន្យានោះទេ ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គម បុរសម្នាក់អាយុជាង២០ឆ្នាំ អះអាងថា ជាគ្រូអគ្គីនេត្រ បានបង្ហាញមុខជាមួយនឹងការអះអាងប្រកបដោយភាពជឿជាក់ថា ឆ្លងតាមបទពិសោធន៍យូរឆ្នាំ ទើបខ្លួនហ៊ានចេញប័ណ្ណធានាចំពោះការប្រកបរបររកស៊ីលក់ដូរជាដើម ។ លោកគ្រូ អគ្គីនេត្រ ដែលមានភរិយាហើយ បាននិយាយឆ្លើយឆ្លងតាមទូរស័ព្ទថា ខ្លួនមានទីលំនៅម្តុំបឹងសាឡាង រាជធានីភ្នំពេញ ហើយអាចទស្សន៍ទាយតាមទូរស័ព្ទក៏បាន ប៉ុន្តែត្រូវជូនទ្រនឹបមុន ដោយមិនបង្គាប់ថ្លៃនោះឡើយ ។

ពាក់ព័ន្ធទៅនឹងការចេញប័ណ្ណធានានេះ លោកគ្រូវ័យក្មេងបានអះអាងថា មានអ្នកខ្លះ(ទំនងជាគ្រូដូចគ្នា) បានវាយប្រហារមកលើខ្លួន ។ ប៉ុន្តែដោយភាពជឿជាក់លើសមត្ថភាព ដូច្នេះ លោកគ្រូអគ្គីនេត្រ អះអាងថា «មាសសុទ្ធ មិនខ្លាចភ្លើង» ។ លោកគ្រូក្មេងនេះ បាននិយាយវាយប្រហារទៅភាគីម្ខាងទៀត ដោយអះអាងថា ការលើកឡើងរបស់ពួកគេ គឺកើតចេញពីសេចក្តីឈ្នានីស ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គម អ្នកខ្លះបានពេបជ្រាយដោយគ្មានជំនឿទៅលើការទស្សន៍ទាយនេះ ។ មតិភាគច្រើនបានព្យាយាមជំរុញឲ្យមិត្តភក្តិ ឬក៏បងប្អូនរបស់ខ្លួនសាកល្បង ។ មតិខ្លះបានសរសើរគ្រូអគ្គិនេត្រ ថា ហ៊ានស៊ីហ៊ានសង និងហាក់ដូចជាមានភាពជឿជាក់ខ្លាំងចំពោះសមត្ថភាពរបស់ខ្លួន ។

យើងមិនដឹងថា តើគ្រូទាយអគ្គីនេត្រ មានសមត្ថភាពដូចការធានាក្នុងប័ណ្ណនោះឬយ៉ាងណាទេ? មានតែការសាកល្បង ទើបដឹងការពិត ៕ នួន នរិន្ទ្រន៍

dds

dse

%e1%9e%9f%e1%9f%81 %e1%9e%9f%e1%9f%81-1


ចែករំលែក៖