ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀកៈ ក្រុមហ៊ុនស្រីរ័ត្ន អន្តរជាតិទេសចរណ៍ និងទួរស៍ បោកប្រាស់ចេញសែកស្អុយ ?

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុនស្រីរ័ត្ន អន្តរជាតិទេសចរណ៍ និងទួរស៍ បានរងការរិះគន់ពីអតិថិជន ថាបាន ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់(សែកស្អុយ) គ្រាដែលអតិថិជនទិញសំបុត្រដើកម្សាន្តនៅ ក្រៅប្រទេស ហើយមិនបានទៅសុំប្តូរយកប្រាក់វិញ ។

អតិថិជនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបឲ្យដឹងថា « ក្រុមហ៊ុន ស្រីរ័ត្ន បម្រើសេវាដំណើរកម្សាន្តទៅបរទេស ពិតជាបោកប្រាស់មែន ហ៊ានចេញសែកស្អុយឲ្យអតិថិ ជន »

អតិថិជនរូបនេះបានរៀបរាប់ឲ្យដឹងថា កាលពីជាង៣ខែមុន ក្រុមគ្រួសាររបស់គាត់មួយ ក្រុមចង់ទៅដើរកម្សាន្តនៅបរទេសក៏ទៅទិញសំបុត្រនៅក្រុមហ៊ុន ស្រីរ័ត្ន ដែលមានទីតាំងនៅ ផ្លូវកម្ពុជាក្រោមមួយកន្លែង និងនៅតាមបណ្តោយផ្លូវព្រះមុនីវង្សមួយកន្លែង ដើម្បីបានទៅលេង នៅក្រៅប្រទេសដោយចំណាយលុយជាង២០០០ដុល្លារ ។ ជាចៃដន្យនៅក្រុមគ្រួសាររបស់គាត់មានធុរៈចាំបាច់មិនអាចចេញដំណើរកម្សាន្តនៅក្រៅប្រទេសបាន ក៏បានប្រាប់ដំណឹងនេះ ទៅក្រុមហ៊ុនស្រីរ័ត្ន ដើម្បីសុំដកលុយថ្លៃទិញសំបុត្រដំណើរកម្សាន្តចំនួនជាង២០០០ដុល្លារ តាមលក្ខន្តិកៈក្រុមហ៊ុនដែលត្រូវឲ្យអតិថិជនអាចដកលុយបានក្រោយទិញសំបុត្របានមួយថ្ងៃ។

អតិថិជនបានបន្តថា ក្រោយពីមានការយល់ព្រមឲ្យក្រុមគ្រួសារគាត់ដកលុយថ្លៃសំបុត្រ បាន ក្រុមហ៊ុននេះបានចេញសែកឲ្យទៅដកលុយនៅធនាគារ មេយប៊ែង ប៉ុន្តែនៅពេលទៅបើក ស្រាប់តែម្ចាស់ធនាគារប្រាប់ថា ម្ចាស់គណនីក្រុមហ៊ុនស្រីរ័ត្នបានបិទអាក់ខោនហើយ(បិទគណនី)ពោលគឺគ្មានសាច់ប្រាក់នៅក្នុងធនាគារនេះទៀតទេ ។ ដំណឹងនេះធ្វើឲ្យគាត់ហួសចិត្តមិនគួរណាក្រុមហ៊ុន ស្រីរ័ត្ន ធំប៉ុនណាណី ហ៊ានចេញសែកស្អុយ បោកប្រាស់អតិថិជនបែបនេះឡើយ ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះ គឺនៅពេលដែលគាត់ សួរនាំបញ្ហានេះតំណាងក្រុមហ៊ុននេះបែរជាឆ្លើយដាក់អ្នកនេះ អ្នកនោះ ឬរង់ចាំថ្ងៃនេះ ថ្ងៃនោះ ជាដើម ដែលមកដល់ពេលនេះមានរយៈពេលជាង៣ខែមកហើយដោះស្រាយមិនចេញទេ ។

យ៉ាងណាក៏ដោយ អតិថិជនរូបនេះបានទទូចសុំឲ្យក្រុមហ៊ុន ស្រីរ័ត្ន ត្រូវតែធ្វើការទូទាត់ ប្រាក់នេះមកវិញ និងឈប់ចេញសែកស្អុយឲ្យអតិថិជនតទៅទៀត បើពុំដូច្នោះទេក្រុមហ៊ុននេះ នឹងប្រឈមមុខចំពោះមុខច្បាប់មិនខាន ៕

 


ចែករំលែក៖