ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខនឹងមានវិធានការហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទមិនឲ្យបើកបរក្នុងមូលដ្ឋាននាពេលថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ តាមការសង្កេតមើលរហូត មកដល់ពេលនេះ រថយន្តធុនធំគ្រប់ប្រភេទ នៅតែបន្តបើកបរឆ្លងកាត់រាជធានីភ្នំពេញ ជាហូរហែមិនថា ពេលយប់ ឬ ពេលថ្ងៃឡើយ បើទោះបីសាលារាជធានីភ្នំពេញបានចេញ សេចក្តីជូនដំណឹងហាមឃាត់រថយន្តធុនធំទាំងនោះមិនឲ្យបើកបរឆ្លងកាត់រាជធានី ភ្នំពេញនាពេលថ្ងៃក៏ដោយ ។ ប៉ុន្តែរថយន្ត ទាំងនោះនៅតែបន្តបើកបរចូលក្រុងយ៉ាង រំភើយ ដោយមិនខ្វល់ពីការគោរពសេចក្តី ជូនដំណឹងរបស់សាលារាជធានីភ្នំពេញឡើយ ។

មិនតែប៉ុណ្ណោះរថយន្តធុនធំទាំងនោះតែងតែបង្កកកស្ទះចរាចរណ៍ជាញឹកញាប់ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជា អ្នកធ្វើដំណើរទូទៅរអ៊ូ រទាំយ៉ាងខ្លាំង ដោយ សារក្តៅក្រហាយចំពោះក្រុមរថយន្តធុនធំទាំងនេះបើកបរចូលក្រុងទាំងបំពាន ។ ក្រុម រថយន្តធុនធំទាំងនោះទៀតសោតែងតែបើកបរលឿន ដោយមិនគិតអំពីផលប៉ះពាល់ នានាដល់ប្រជាពលរដ្ឋ ឬ អ្នកដំណើរនោះ ឡើយ ។

ដូច្នេះដើម្បីរារាំងនូវសកម្មភាពរបស់ ក្រុមរថយន្តធុនធំទាំងនេះ នាពេលឆាប់ៗ ខាងមុខនេះ អាជ្ញាធរខណ្ឌសែនសុខនឹងមានវិធានការហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទ មិនឲ្យបើកបរឆ្លងកាត់នៅក្នុងមូលដ្ឋាននាពេលថ្ងៃឡើយ ។

ជាមួយគ្នានេះលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខក៏បានបញ្ជាក់ឲ្យដឹងដែរថា នៅក្នុងមូលដ្ឋានខណ្ឌសែនសុខរបស់លោកក៏មានក្រុមហ៊ុនក្រឡុក ស៊ីម៉ងត៍ ប្រមាណជាង១០ទីតាំង ពុំមាន ច្បាប់អនុញ្ញាតឡើយ ដោយហេតុថា កន្លងមករដ្ឋបាលខណ្ឌសែនសុខ ធ្លាប់បាន ចុះត្រួតពិនិត្យ ជាក់ស្តែងសង្កេតឃើញថា ភាគតិចណាស់ដែលមានច្បាប់អនុញ្ញាត ត្រឹមត្រូវ ។ ដោយឡែកក្រុមហ៊ុនក្រឡុក ស៊ីម៉ងត៍ទាំងនេះ តែងតែបង្កផលប៉ះពាល់ ដល់បរិស្ថានដូចជាធ្លាក់ កម្ទេចថ្ម ខ្សាច់ ឬ ដី នៅក្នុងមូលដ្ឋានខណ្ឌ សែនសុខជារឿយៗ ជាពិសេស នៅលើកំណាត់ផ្លូវភ្នំពេញ-ហា ណូយជាដើម ដោយក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ទាំងនេះមិនទទួលខុសត្រូវឡើយ ។

ទោះបីយ៉ាងណាក្តីចំពោះ ក្រុមហ៊ុន ក្រឡុកស៊ីម៉ងត៍ ប្រមាណជាង១០កន្លែង ដែលគ្មានច្បាប់អនុញ្ញាតនោះ និងកំពុងមានវត្តមាននៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ មិនត្រូវបានលោក សាំង សុភៈវិចិត្ររៀបរាប់ឲ្យបានដឹងអំពីឈ្មោះពិតប្រាកដនោះទេ ៕ តុង សីហា

siha-2 siha-5 siha-4 siha-3


ចែករំលែក៖