ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានស្នើឲ្យគណៈប្រតិភូចិនខេត្តហឺណានពង្រីកជើងហោះហើរត្រង់ពីខេត្តហឺណានមកកាន់កម្ពុជាដើម្បីផ្ដល់នូវលំហូរ សក្ដានុពលទេសចរណ៍រវាងប្រទេសទាំងពីរ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជំនួបពិភាក្សារវាងលោករដ្ឋមន្ត្រី ថោង ខុន ជាមួយលោក Zhang Guangzhi អភិបាលរងខេត្តហឺណានបានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នាទី ស្ដីការក្រសួងទេសចរណ៍។
ក្នុងឱកាសនោះដែរលោក Zhang Guangzhi អភិបាលរងខេត្តហឺណានបាន ថ្លែងថា លោកឯកភាពនឹងជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជាទៅទីផ្សារទេសចរណ៍ខេត្តហឺណាន ហើយក៏បានប្ដេជ្ញាខិតខំជំរុញឲ្យអ្នកវិនិយោគចិនមកបោះទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើន។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍បានសំណូមពរឲ្យភាគីចិនជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជាដល់ភ្ញៀវទេសចរចិនក្នុងខេត្តហឺណានចូលមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន។ ពិសេសការតភ្ជាប់ជើងហោះហើរត្រង់ពី ខេត្តហឺណានមករាជធានីភ្នំពេញនិងភ្ជាប់មកខេត្តនានាក្នុងប្រទេសកម្ពុជាដែលនេះក៏ជាគោលនយោបាយនិងទំនាក់ទំនងដ៏ធំរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិ បាលប្រទេសចិន៕ រ័ត្ន សុភក្តិ